(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ បានទទួលជួបសម្តែងការគួរសមជាមួយលោក Sudirman Haseng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី ប្រចាំនៅប្រទេសកម្ពុជា។
ក្នុងកិច្ចជំនួបនេះ, លោក Sudirman Haseng និងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ក៏បានអបអរសាទរ និងសម្តែងការពេញចិត្តនូវកំណើន ពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌូនេស៊ី ដោយទំហំពាណិជ្ជកម្មក្នុងឆ្នាំ២០១៧ មានចំនួន ៥៤២លានដុល្លារអាមេរិក គឺកើនឡើងចំនួនប្រមាណ២០% ធៀបនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០១៦ ដែលមានចំនួន៤៥២លានដុល្លារអាមេរិក។
ភាគីទាំងពីរក៏ទទួលស្គាល់អំពីសក្តានុពលថែមទៀត ក្នុងវិស័យវិនិយោគ និងពាណិជ្ជកម្ម ដែលប្រទេសទាំងពីរនឹងខិតខំសហការគ្នាបន្ថែមទៀត តាមរយ:ការជម្រុញកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែជិតស្និទ្ធរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។
លោក Sudirman Haseng រួមជាមួយអគ្គបណ្ឌិត សភាចារ្យអូន ព័ន្ធមុនីរ័ត្ន ក៏បានឯកភាពគ្នាក្នុងការខិតខំបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌូនេស៊ីលើ វិស័យមួយចំនួនដូចជា៖ ពាណិជ្ជកម្ម វប្បធម៌ ការវិនិយោគ ទេសចរណ៍ ជាពិសេស កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជន នៃប្រទេសទាំងពីរ តាមរយ:ការបង្កើតយន្តការរួមក្នុងការពង្រឹងភាពជាដៃគូតាមវិស័យពាក់ព័ន្ធ។
ជាក់ស្តែង, ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែម ទៀត ភាគីទាំងពីរគ្រោងនឹងរៀបចំខួបអនុស្សាវរីយលើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា- ឥណ្ឌូនេស៊ី នៅឆ្នាំ២០១៩ ខាងមុខនេះ តាមរយ:ការរៀបចំពិព័រណ៍ពាណិជ្ជកម្ម, សិក្ខាសាលា និងជំនួបទ្វេភាគី ក៏ដូចជា ការសិក្សា ពិនិត្យលទ្ធភាពរៀបចំឲ្យមានជើងយន្តហោះទៅមកដោយផ្ទាល់ជាដើម ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយកដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានសម្តែងការជូនពរដល់លោក Sudiman Haseng ទទួលបានជោគជ័យក្នុងអាណត្តិការងារដ៏ ឧត្តុង្គឧត្តមរបស់លោកនៅប្រទេសកម្ពុជា៕