(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១២ ចាត់មន្ត្រីចុះត្រួតពិនិត្យជាប្រចាំរាល់សំណង់ផ្សេងៗ ដែលកំពុងសាងសង់ពិសេសសំណង់ខុសច្បាប់ ឬសំណង់ដែលសង់ខុសកិច្ចសន្យា និងគ្មានគុណភាព, ការសង់រោងបុណ្យ, រោងការបិទផ្លូវ និងការបិទផ្លូវដោយរថយន្តបាញ់បេតុង ដើម្បីជំរុញឲ្យពួកគាត់គោរពច្បាប់ និងការណែនាំពីរដ្ឋបាលរាជធានីភ្នំពេញ ជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។
ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួម ពីអភិបាលខណ្ឌ ទាំង១២ និងកងកម្លាំងប្រដាប់អាវុធចំណុះ ឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចំនួនរាប់សិបនាក់។
លោក ឃួង ស្រេង ក៏បានរំលឹកផងដែរ ទៅលើការណែនាំចំពោះរថយន្តបាញ់បេតុង ដែលចត, ឈប់ធ្វើឲ្យប៉ះពាល់ដល់ចរាចរតាមដងផ្លូវ ដូចដែលរដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានជូនដំណឹងរួចមកហើយ។
ជាមួយគ្នានេះ ក៏ត្រូវពិនិត្យផងដែរ ចំពោះការសង់រោងបុណ្យ, រោងការដោយមិនត្រូវឲ្យបិទផ្លូវទាំងស្រុង ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ និងស្ទះចរាចរដែលប្រជាពលរដ្ឋ តែងបង្ហាញការថ្នាំងថ្នាក់ នាពេលកន្លងមក។ ម្ចាស់រោងបុណ្យ ឬរោងការគួរកទីតាំង សមស្របដែលមិនប៉ះពាល់ផ្លូវសាធារណៈដូចជា ទីអារាម ឬតាមភោជនីដ្ឋាន ឬទីតាំងណាដែលសមរម្យ។
អភិបាលរាជធានីភ្នំពេញ បានបន្តក្រើនរំលឹក ដល់អាជ្ញាធរ និងស្ថាបន័ពាក់ព័ន្ធ ឲ្យបង្កើនប្រសិទ្ធភាពការងារទ្វេដងថែមទៀត លើការបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យសក្ត័សម ទៅនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតឲ្យយើង។
លោកបានបន្តទៀតថា ការងារជាច្រើនកំពុងរងចាំយើងទៅធ្វើ ជាពិសេសការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ក្នុងទីក្រុង ដោយផ្តោតទៅលើការអនុវត្តច្បាប់ចរាចរ, បន្តឆែកឆេរអាវុធជាតិផ្ទុះ។ ត្រួត ពិនិត្យកន្លែងសប្បាយ, ក្លិបកំសាន្ត, ក្លិបរាត្រីផ្សេងៗ ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀន បើទោះបីមិនអាចលប់បំបាត់នៅចំពោះមុខ តែក៏អាចឈានទៅកាត់បន្ថយបទល្មើសគ្រឿងញៀនបាន១កំរិតដែរ។
លោក ឃួង ស្រេង បានបញ្ជាក់ថា «ចំពោះការរៀបចំសណ្តាប់ធ្នាប់ តាមដងវិថីសំខាន់ៗ ជាអាទិភាពទាំង១១ខ្សែ ដែលបានអនុវត្តរយៈពេល១ឆ្នាំកន្លងទៅនេះ យើងអាចវាយតំលៃបានថា យើងធ្វើបានល្អ និងកំពុងដើរលើផ្លូវ ត្រូវតាមសំណូមពររបស់ប្រជាពលរដ្ឋ។ ដូច្នេះការងារនេះ យើងត្រូវបន្តទៅមុខទៀតឲ្យបានគ្រប់ផ្លូវ»។
នៅប៉ុន្មានថ្ងៃមកនេះ រដ្ឋបាលរាជធានីភ្នំពេញ កំពុងរៀបចំ សណ្តាប់ធ្នាប់នៅចំណុចផ្លូវព្រះមុនីរ៉េត ជុំវិញផ្សារដើមគរ និងផ្សារនាគមាស ដែលល្បីខាងបាត់សណ្តាប់ធ្នាប់ និងធ្វើឲ្យប៉ះពាល់បរិស្ថាន និងស្ទះចរាចរជារៀង រាល់ថ្ងៃនោះ ដោយកំណត់រយៈពេល១០ថ្ងៃ ត្រូវតែឲ្យស្អាត។
ហើយបន្ទាប់ទៅត្រូវ ប្រគល់ទីតាំងខាងលើនេះ ឲ្យទៅអាជ្ញាធរខណ្ឌទួលគោក និងខណ្ឌចំការមនជាអ្នកគ្រប់គ្រង និងធានាថា មិនមានការដាក់លក់ទំនិញ លើទ្រូងផ្លូវ ឬចតយានយន្ត បែបអាណាធិបតេយ្យ បង្កការកកស្ទះចរាចរ ប៉ះពាល់អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈនោះ បន្តទៀតឡើយ។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោក ឃួង ស្រេង៕