(ភ្នំពេញ)៖ ក្នុងសិក្ខាសាលាស្តីពីកុមារ ក្រោមប្រធានបទ «សុខភាពកុមារ ដើម្បីអនាគតនៃប្រទេសកម្ពុជាយើង» លោកវេជ្ជបណ្ឌិត សេង សាម៉ន បានថ្លែងថា កុមារប្រឈមនឹងជំងឺជាច្រើន ហើយជំងឺឱកាសនិយមមួយចំនួនមានហានិភ័យគំរាមកំហែងខ្ពស់។ ប្រធានមន្ទីរពេទ្យសម្រាកព្យាបាលកុមារផ្កាឈូករូបនេះ បានបន្តថា កុមារដែលមានអាយុ ក្រោម៥ឆ្នាំ គឺជាក្រុមគោលដៅដែល មាតាបិតា ត្រូវការយកចិត្តទុកដាក់ខ្លាំងបំផុត។
ថ្លែងនៅក្នុងសាលនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា (CJCC) កាលពីពេលថ្មីៗនេះ លោកវេជ្ជបណ្ឌិត សេង សាម៉ន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្មេងចាប់ពីអាយុសូន្យខែរហូតដល់៥ឆ្នាំ ឬក៏យើងអាចនិយាយថាក្រោម៥ឆ្នាំ ក្មេងក្នុងចន្លោះនេះប្រឈម បញ្ហាច្រើន»។
ប្រធានមន្ទីរពេទ្យសម្រាកព្យាបាលកុមារផ្កាឈូករូបនេះ បានបន្តទៀតថា នៅបណ្តាប្រទេសកំពុងអភិវឌ្ឍ ដូចជាកម្ពុជាផងនោះ ការអប់រំសុខភាពកុមារនៅមានកម្រិត ខណៈមាតាបិតាមិនទាន់មានអាហាររូបត្ថម្ភត្រឹមត្រូវទៅកុមារ អនាម័យ និងមិនបានចាក់វ៉ាក់សាំង ត្រឹមត្រូវ ទៅតាមការវិវត្តនៃអាយុ និងសុខភាពរបស់កុមារ។ លោកបន្តថា មិនតែប៉ុណ្ណោះ កត្តាដែលបានពិនិត្យសុខភាពជាប្រចាំ ក៏បង្កហានិភ័យដល់ជីវិតកុមារផងដែរ។
លោកវេជ្ជបណ្ឌិត សេង សាម៉ន បានថ្លែងបញ្ជាក់បន្ថែមថា «សង្គមយើងរាល់ថ្ងៃ យើងមើលឃើញបងប្អូនយើង ទាល់តែកូនឈឺ បានយកទៅពេទ្យ។ តែកូនមិនឈឺ គឺមិនយកទៅពេទ្យទេ។ នេះជាការអត់ទាន់យល់នៅឡើយទេ។ ពេលដែលឈឺ ពេលខ្លះយើងយកទៅពេទ្យមានបញ្ហា។ កូនហ្នឹងគាត់មានបញ្ហាហើយ បានយើងយកទៅ ពេលខ្លះយើងយឺតយ៉ាវ ក្នុងការដែលយើងយកទៅពេទ្យ»។
លោក អៀង សុធារ៉ា ជាស្ថាបនិក និងជាប្រធានមូលនិធិអៀង បានថ្លែងថា ប្រទេសជាតិមួយរីកចម្រើនទៅបាន អាស្រ័យនឹងយុវជន ដែលជាសសរទ្រូងជាតិ ហើយយុវជនទាំងនោះ គឺត្រូវតែចេញពីសុខភាពបរិបូរណ៌។ កាលណាក្នុងគ្រួសារតូចមួយ មានសមាជិកណាមានជំងឺហើយនោះ គ្រួសារនោះពិបាកនឹង មានសុភមង្គល និងមានការរីកចម្រើនណាស់។ ចុះទម្រាំសង្គមជាតិមួយ បើកុមារតូចៗ ដែលជាអនាគតប្រទេសជាតិទាំងមូល មិនមានសុខភាពល្អ តើធ្វើយ៉ាងណាសង្គមយើងអាចរីកចម្រើនបានទៅ?
គួររម្លឹកថា នេះជាសិក្ខាសាលាលើកទី១៥ហើយ ដែលមូលនិធិអៀង បានរៀបចំឡើងក្រោមស្លាកនៃការជំរុញឲ្យប្រជាជនទាំងមូល មានសុខភាពផ្លូវកាយល្អ មានសុខភាពផ្លូវចិត្តល្អ ដើម្បីមានសុខភមង្គលគ្រួសារ និងសង្គមទាំងមូល ៕