(កំពង់ស្ពឺ)៖ បន្ទាប់ពីក្រសួងមហាផ្ទៃ ចេញលិខិតគោរពស្នើសុំឲ្យស្នងការនគរបាលខេត្តកំពង់ស្ពឺ ដាក់ពិន័យរដ្ឋបាលលោក ហ៊ុន សុខហុន ក្រោយមានបណ្តឹងរបស់ពលរដ្ឋកាលពីពេលថ្មីៗនោះ ឥឡូវនេះ អធិការនគរបាលស្រុករូបនេះ ត្រូវយោធិនពិការចំនួន៥គ្រួសារ ប្តឹងទៅស្ថាប័នកំពូលៗរបស់ជាតិចំនួន៣ទៀត រួមមាន៖ រដ្ឋសភា ក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។ នេះបើយោងតាមពាក្យសុំអន្តរាគមន៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងបំណងដើម្បីឲ្យក្រសួងពាក់ព័ន្ធជួយអន្តរាគមន៍ រឿងលោកអធិការស៊ីដាច់លុយ ដែលលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានឧបត្ថម្ភពួកគាត់ក្នុងមួយគ្រួសារ៥០,០០០រៀល។
យោធិនពិការទាំងនោះមានទី១៖ ឈ្មោះ ទ្រឿង ហ៊ីម ហៅ អាង , ទី២៖ ឈ្មោះ ម៉ី យ៉េង ហៅ កែល, ទី៣៖ ឈ្មោះ ធុង ម៉ៅ ភេទស្រី ជាប្រពន្ធរបស់ ឈ្មោះ អៀម លីម ជាមន្ត្រីនគរបាលចូលនិវត្ត (បានស្លាប់), ទី៤៖ ឈ្មោះ ឃុត រឿន ហៅបូ និងទី៥៖ ឈ្មោះ អន អុល។
ពួកគេបានប្តឹងទៅសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋភា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយឱ្យជួយរកយុត្តិធម៌ រឿងលោក ហ៊ុន សុខហុន ស៊ីដាច់លុយដែលលោក ហ៊ុន ម៉ានី បានជួយឧបត្ថម្ភពួកគាត់។
ពាក្យសុំអន្តរាគមន៍ បានរៀបរាប់ថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ លោក ហ៊ុន ម៉ានី បានចុះសំណេះសំណាលជាមួយពួកគាត់ ដើម្បីបំពាក់មេដៃការងារ និងឧបត្ថម្ភក្នុងមួយគ្រួសារ ចំនួន៥ម៉ឺនរៀល ជាប្រាក់លើកទឹកចិត្ត និងដោះស្រាយជីវភាពប្រចាំថ្ងៃ។ ប៉ុន្តែផ្ទុយទៅវិញលោក ហ៊ុន សុខហុន អធិការស្រុកថ្ពង និងបក្ខពួកមិនបានប្រគល់លុយដែលលោក ហ៊ុន ម៉ានី ឧបត្ថម្ភពួកគាត់ឲ្យពួកគាត់ឡើយ ពោល គឺស៊ីដាច់ទាំងអស់។
ក្រុមប្រជាពលរដ្ឋ ជាជនពិការដែលរងគ្រោះ បានប្តឹងចោទលោក ហ៊ុន សុខហុន ស៊ីដាច់លុយបន្តសំណូមពរឲ្យថ្នាក់ដឹកនាំទាំង៣ស្ថាប័ន ជួយរកយុត្តិធម៌ជូនពួកគាត់ ព្រោះនៅតំបន់ដែលលោក ហ៊ុន សុខហុន គ្រប់គ្រង គឺអ្នកណាក៏អត់ហ៊ានប៉ះពាល់ ឬហ៊ាតវ៉ាជាមួយលោកអធិការនេះដែរ។
គួររំលឹកថា យោងតាមលិខិតលេខ៩៩២ សផ៣ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ចុះហត្ថលេខាដោយលោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានស្នើឲ្យស្នងការនគរបាលខេត្តកំពង់ស្ពឺ អនុវត្តវិន័យរដ្ឋបាលលើលោក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង ក្រោយពីមានបណ្តឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធករណី ប៉ុនប៉ងធ្វើមនុស្សឃាតដោយចេតនា និងឆបោក។
ការសម្រេចឲ្យស្នងការនគរបាលខេត្តកំពង់ស្ពឺ ដាក់ពិន័យលើលោក ហ៊ុន សុខហុន ដោយយោងតាមចំណារដ៏របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ និងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ស៊ុន យឿន និងឈ្មោះ ឃឹម ចន្ធា ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។
យ៉ាងណាក៏ដោយ អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ មិនទាន់អាចសុំការបំភ្លឺពីលោកអធិការបាននៅឡើយទេ ចំពោះការចោទប្រកាន់ពីសំណាក់ យោធិនពិការទាំង៥គ្រួសារនេះ៕