(ក្រចេះ)៖ កម្លាំងអាវុធហត្ថក្រុងក្រចេះ សហការជាមួយអាវុធហត្ថខេត្ត ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលដោយលោក ជា សុភក្រ័ ព្រះរាជអាជ្ញារងខេត្ត នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនបាជនសង្ស័យចំនួន៧នាក់ រួមនិងវត្ថុតាងមួយចំនួន នៅចំណុចភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។

លោក ផាត សុភ័ក្រវាសនា មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនេះកម្លាំងអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន រួមមាន៖

*ទី១៖ ឈ្មោះ ប៉ាវ សុម៉ាលីន ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ

*ទី២៖ ឈ្មោះ ម៉ី ណារី ភេទស្រី អាយុ២៧ឆ្នាំ
*ទី៣៖ ឈ្មោះហេង សុខណា ភេទប្រុស អាយុ២៥ឆ្នាំ
*ទី៤៖ ឈ្មោះសំ ពុទ្ធរិទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ
*ទី៥៖ ឈ្មោះ សុខ តុលា ភេទប្រុស អាយុ២៤ឆ្នាំ
*ទី៦៖ ឈ្មោះ ស៊ីម ណាលោក ភេទប្រុស អាយុ២៤ឆ្នាំ
ទី៧៖ ឈ្មោះ អិន កី ភេទប្រុស អាយុ៣២ឆ្នាំ អ្នកទាំងខាងលើរស់នៅសង្កាត់អូរឬស្សី ក្រុងក្រចេះ។

លោកមេបញ្ជាការបានបន្តទៀតថា កម្លាំងអាវុធហត្ថរឹបអូសបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៍ស (ម៉ាទឹកកក) ចំនួន៥កញ្ចប់ ទំងន់ជិត២ខាំ ម៉ូតូចំនួន៣គ្រឿង កាំភ្លើងកែច្នៃចំនួន២ដើម និងសម្ភារៈប្រើប្រាសគ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យទាំង៧នាក់រួម និងវត្ថុតាងបានឃាត់ខ្លួន និងរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះដើម្បីបន្តនិតិវិធីតាមច្បាប់៕