(ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៊ី មេចលនាសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ មិនបានចូលខ្លួនមកបំភ្លឺ ជូនចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងសំណុំរឿងប្រមាថលើអង្គព្រះមហាក្សត្រ ទៅតាមការកំណត់នោះទេ។

ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការថា ទោះជាយ៉ាងនេះក្តី តុលាការនឹងបន្តចំណាត់ការតាមនីតិវិធីបន្តទៀត ដោយមិនទុកឱ្យបុគ្គលណាមួយរំលោភបំពានច្បាប់រដ្ឋ ជាពិសេសប្រមាថអង្គព្រះមហាក្សត្រ ដែលបុព្វសិទ្ធព្រះអង្គត្រូវបានធានាដោយច្បាប់ (រដ្ឋធម្មនុញ្ញ) ដែលជាច្បាប់កំពូលរបស់ជាតិឡើយ។

យោងតាមការកំណត់ក្នុងដីកាចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨, លោក សម រង្ស៊ី ដែលកំពុងរត់គេចខ្លួន ទៅក្រៅប្រទេស ត្រូវចូលទៅបំភ្លឺនៅតុលាការក្រុងភ្នំពេញ​ នៅវេលាម៉ោង៩៖០០នាទីព្រឹក។ សាមីខ្លួន ត្រូវនាំយកនូវឯកសារផ្សេងៗ ដែលពាក់ពន័្ធនឹងរឿងខាងលើនេះ ទៅជាមួយផងប្រសិនបើមាន។

សួមជម្រាបបន្ថែមថា ដើមចមនៃបណ្តឹងនេះ គឺបានកើតឡើង កាលពីខែមិថុនា ឆ្នាំ២០១៨ ដោយទណ្ឌិត សម រង្ស៊ី មេចលនាសង្រ្គោះជាតិ បានប្រមាថថា ព្រះរាជសារព្រះមហាក្សត្រជាទីសក្ការៈ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ដែលអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត នាចុងខែកក្កដានោះថា ជាព្រះរាជសារក្លែងក្លាយ និងគ្មានតម្លៃ ទោះបីជាព្រះបរមរាជវាំងចេញមុខប្រកាសថា ព្រះរាជសារនោះ ជាព្រះរាជសារពិតប្រាកដ មិនក្លែងក្លាយក៏ដោយ។ ការប្រមាថរបស់ លោក សម រង្ស៊ី បែបនេះ បានធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីបណ្តាគណបក្សនយោបាយ និងប្រជាពលរដ្ឋកម្ពុជា។

បើតាមច្បាប់ថ្មី មាត្រា ៤៣៧ ស្ទួន ជំពូកទី១ នៃមាតិកាទី១នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌ បានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»