Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម្ចាស់លំនៅឋានកាន់តែច្រើន ទទួលអត្ថប្រយោជន៍ ពីសេវាកម្មផ្គូងផ្គងជាមួយជាងសំណង់ ដោយឥតគិតថ្លៃពី អេសស៊ីជី

13-09-2018 09:03

(សៀមរាប)៖ ម្ចាស់លំនៅឋាន ម្ចាស់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ និងជាងសំណង់កាន់តែច្រើនឡើង ក្នុងប្រទេសកម្ពុជា កំពុងទទួលបានអត្ថប្រយោជន៍ ពីសេវាកម្មផ្គូងផ្គងជាងសំណង់ដោយឥតគិតថ្លៃ ពីក្រុមហ៊ុន អេសស៊ីជី (SCG) ដែលសេវាកម្មនេះ មានបំណងលើកកម្ពស់លទ្ធភាព ឲ្យកាន់តែទូលំទូលាយក្នុងការស្វែងរកជាងសំណង់ និងសម្ភារសំណង់ដែលមានគុណភាព ក៏ដូចជាជួយបង្កើនប្រាក់ចំណូល ដល់ជាងសំណង់កម្ពុជាផងដែរ។

ម្ចាស់លំនៅឋាន ដែលមានបំណងចង់សាងសង់គម្រោងលំនៅឋាន ឬអគារផ្សេងៗ អាចចុះឈ្មោះនៅលើកម្មវិធីអនឡាញរបស់ក្រុមហ៊ុនអេសស៊ីជី ហើយក្រុមហ៊ុននឹងស្វែងរកជាងសំណង់ ដែលមានគុណវុឌ្ឍត្រឹមត្រូវ ដែលអាចបំពេញតាមលក្ខខណ្ឌរបស់ម្ចាស់គម្រោងសាងសង់។ សេវាកម្មផ្គូផ្គងជាងសំណង់នេះ គឺជាផ្នែកមួយនៃកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់ ដែលត្រូវបានផ្ដួចផ្ដើមបង្កើតឡើង កាលពីដើមឆ្នាំនេះ ដោយក្រុមហ៊ុន អេសស៊ីជី ដែលជាពហុសាជីវកម្មឈានមុខគេនៅក្នុងតំបន់អាស៊ាន ក្នុងគោលបំណងផ្ដល់ការបណ្ដុះបណ្ដាលផ្នែកសំណង់ និងជួយលើកកម្ពស់វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា ទាំងគុណភាព និងភាពងាយស្រួល។

លោក សយ សុខហេង ដែលកំពុងសាងសង់លំនៅឋានរបស់ខ្លួន ក្នុងខេត្តសៀមរាប បានថ្លែងថា «ខ្ញុំគិតថា វាងាយស្រួល ដោយយើងមិនចាំបាច់ទៅស្វែងរកជាងនៅទីណា។ និយាយទៅ គឺងាយបំផុត។ ពេលដែលយើងទាក់ទងទៅ គេមកជួបជាមួយយើង ហើយយើងប្រាប់ពីគម្រោងឲ្យគេដឹង ហើយគេផ្ដល់តម្លៃឲ្យយើង តើយើងអាចទទួលបានដែរឬអត់»

អ្នកម៉ៅការសំណង់ ដែលបានទទួលគម្រោងសាងសង់ ពីលោក សុខហេង គឺលោក ហុង រ៉ាយុទ្ធ, លោកបានថ្លែងកោតសរសើរដល់ក្រុមហ៊ុន ដែលបានជួយដល់រូបលោកក្នុងការស្វែងរកអតិថិជន ដែលនេះមានន័យថា រូបលោក និងជាងក្នុងក្រុមនឹងទទួលបានចំណូលកាន់តែច្រើនថែមទៀត។ លោក រ៉ាយុទ្ធបានលើកឡើងថា «ខ្ញុំយល់ថា កម្មវិធីនេះជួយពួកខ្ញុំច្រើនមែនទែន ហើយក៏ដូចជាជួយក្រុមការងារពួកខ្ញុំឲ្យមានការងារជាប្រចាំ។ ដូច្នេះ នៅពេលដែលខ្ញុំមានសេវាកម្មពីខាងអេសស៊ីជីមក គឺខ្ញុំមានការងារជាប់ ដូច្នេះ ខ្ញុំយល់ឃើញថា វាល្អ»

អេសស៊ីជី បានបង្កើតកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់កម្ពុជា កាលពីខែកុម្ភៈ ឆ្នាំនេះ ដោយសហការជាមួយនឹងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញ កម្ពុជា-ថៃ (CTSDI)ដើម្បីអភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់ផលិតផល និងសម្ភារសំណង់ថ្មីៗ ឲ្យបានត្រឹមត្រូវ។ កម្មវិធីបណ្ដុះបណ្ដាលនេះ គឺជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់អេសស៊ីជី ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍន៍យូរអង្វែង របស់ប្រទេសកម្ពុជា តាមយៈកម្មវិធីបណ្ដុះបណ្ដាល ការអប់រំ និងការលើកកម្ពស់បទដ្ឋានសំណង់ ក៏ដូចជាលើកកម្ពស់គុណភាពជីវិតរបស់កម្មករសំណង់ថែមទៀតផង។

លោក ពង់ថាណា ដេវីតាយ៉ាផន (Pongdhana Dejvittayaporn) នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន អេសស៊ីជី បានថ្លែងថា «ម្ចាស់ផ្ទះគាត់បានទាក់ទងមកកាន់ក្រុមហ៊ុនអេសស៊ីជី តាមរយៈហ្វេសប៊ុក ដើម្បីស្វែងរកផលិតផល និងអ្នកម៉ៅការសម្រាប់សាងសង់ផ្ទះរបស់ពួកគាត់។ ដូច្នេះហើយ អេសស៊ីជីសង្ឃឹមថា នឹងមានអតិថិជនបន្តបន្ទាប់ជាច្រើនទៀតប្រើប្រាស់សេវាកម្មនេះ»

ម្ចាស់លំនៅឋាន និងម្ចាស់គម្រោងសាងសង់អចលនទ្រព្យ ដែលកំពុងស្វែងរកជាងសំណង់ អាចចុះឈ្មោះតាមរយៈការទូរស័ព្ទទៅការិយាល័យព័ត៌មានរបស់អេសស៊ីជី (០៩៥-៩៩៩-៥០០) ឬទាក់ទងតាមទំព័រ Facebook ក៏ដូចជាតាមរយៈគេហទំព័រ (https://kh.scgbuildingmaterials.com/contractor-matching) ដោយឥតគិតថ្លៃ៕