(ស្វាយរៀង)៖ សាកសពបុរសមិនស្គាល់អត្តសញ្ញាម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ មានគេយកមកទម្លាក់ផ្លុងចោល នៅជិតប៉ុស្ត៍រដ្ឋបាលសង្កាត់ច្រកម្ទេស នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្បែរប៉ុស្តិ៍នគបាលរដ្ឋបាល សង្កាត់ច្រកម្ទេស ចម្ងាយ៥០ម៉ែត្រ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរតាមដងផ្លូវ និងសមត្ថកិច្ចទាំងព្រឹក។
ករណីសពគេយកមកទម្លាក់ផ្លុងចោលនេះ ត្រូវបានប្រទះឃើញ នៅវេលាម៉ោង៦៖០០នាទី ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅភូមិសាលាទាន សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ច បានបង្ហើបឲ្យដឹងថា បើតាមការសន្និដ្ឋានជំហ៊ានដំបូង សពជនរងគ្រោះមានសប្បុរស ពាក់អាវខ្មៅ ស្លៀកខោខ្លី ហើយសពត្រូវបានក្រុមជនល្មើស សម្លាប់នៅកន្លែងផ្សេង ហើយបានច្រកសព ក្នុងថង់ប្លាស្ទិចពណ៌ខ្មៅ ដឹកសាកសពតាមរថយន្តមកពីទិសខាងកើត មកទម្លាក់ផ្លុងចោលនៅលើចិញ្ចើមថ្នល់ជាតិលេខ១ ជិតប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រកម្ទេស ចម្ងាយ៥០ម៉ែត្រ។
ប្រភពដដែល បានបន្តទៀតថា បើតាមប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា នៅម៉ោងប្រមាណជា៤ទៀបភ្លឺ គេឃើញមានរថយន្តតូច១គ្រឿង បើកមកពីទិសខាងកើតលុះមកដល់ចំណុចខាងលើ បានឈប់មួយសន្ទុះ ក៏បានបត់រថយន្តត្រឡប់ទៅទិសខាងកើតវិញ ក៏ប៉ុន្តែមិនបានចាប់អារម្មណ៍អ្វីទេ លុះម៉ោង៦៖០០នាទីព្រឹក អ្នកលក់នំបានប្រទះឃើញសពទើបឆោឡោ និងប្តឹងសមត្ថកិច្ចតែម្តង។
ក្រោយពីសមត្ថកិច្ចជំនាញមកពិនិត្យ បានធ្វើកោសលវិច្ច័យមិនទាន់ស្គាល់អត្តសញ្ញាណទេ ហើយសន្និដ្ឋានថា ជាករណីឃាតកម្មដោយសភាពសព មានបែកមាត់បែកក្បាល និងស្នាមវ៉ៃចំក្បាលពីក្រោយ ហើយសមត្ថកិច្ច បានបញ្ជាក់ថា ពិតជាករណីឃាតកម្មពិតមែន។
បច្ចុប្បន្ន សាកសពត្រូវសមត្ថកិច្ចយកមកតម្កល់ទុក នៅវត្តជិតកន្លែងកើតហេតុ ហើយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខឃាត់ករ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕