(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង, លោកស្រី Rizvina De Alwis តំណាងថ្មីរបស់មូលនិធិអង្គការសហប្រជាជាតិ សម្រាប់ប្រជាជន ប្រចាំកម្ពុជា (UNFPA) បានប្ដេជ្ញាបន្ដជួយវិស័យសុខាភិបាល លើផ្នែកបណ្ដុះបណ្ដាល និងអប់រំ ដល់ឆ្មបកម្ពុជា ដើម្បីចូលរួមកាត់បន្ថយអត្រាមរណភាពមាតា និងទារក នៅកម្ពុជា ។
ក្នុងជំនួបដែលធ្វើឡើង នាទីស្ដីការក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកស្រីក៏បានថ្លែងបញ្ជាក់ទៀតថា «ក្រៅពីជួយបណ្ដុះបណ្ដាលឆ្មប មូលនិធិនឹងបន្ដជួយលើកម្ពស់សុខភាពផ្លូវភេទ និងបន្ដពូជ, ក្មេងជំទង់ និងយុវវ័យ ជាមួយនឹងការការពារជំងឺអេដស៍ ។ដែលនេះ គឺស្របទៅនឹង កម្មវិធីថ្មី ដែលអង្គការ UNFPA បានរៀបចំសម្រាប់ឆ្នាំ២០១៩ -២០២០ខាងមុខនេះ»។
ជាងនេះទៅទៀត លោកស្រីបន្ដថា លោកស្រីនឹងចូលសហការជាមួយក្រសួងសុខាភិបាល កាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានផ្លូវភេទលើស្ដ្រី ។ក្នុងនោះ UNFPA នឹងចូលរួមចំណែកជាមួយក្រសួងផែនការ ក្នុងការធ្វើជំរឿន អង្កេតវិទ្យាសាស្ដ្រ និងសុខភាព ដោយផ្ដោតទៅលើទិន្ន័យសម្រាប់សេវាសុខភាពបន្ដពូជផងដែរ។
ជាការឆ្លើយតប រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ក៏បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដែលកន្លងមកនេះ ដែលតែងតែផ្ដល់សប្បុរសល្អ ជាមួយក្រសួងសុខាភិបាល ពិសេសការធ្វើការជាមួយគ្នា ក្នុងការលើកម្ពស់សុខភាពផ្លូវភេទ និងបន្ដពូជ, ក្មេងជំទង់ និងយុវវ័យ ជាមួយការពារការជំងឺអេដស៍ ។លោកសាស្ដ្រាចារ្យ ក៏បានស្វាមគមន៍ នូវការទទួលតំណែងជាតំណាងថ្មីរបស់ UNFPA ប្រចាំកម្ពុជា និងជូនពរលោកស្រី ទទួលបានជោគជ័យ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់នៅក្នុងកិច្ចការងារ។
ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ថា «ក្រសួងសុខាភិបាល ក្នុងនាមជាដៃគូ ក៏បានខិតខំជំរុញបន្ថែមទៀតក្នុងការអនុវត្ដន៍គោលនយោបាយ ការប្រើប្រាស់ស្រោមអនាម័យ១០០ផងដែរ ដែលយើងធ្វើបន្ដ ទៅតាមផែនការ ដាក់ចេញ ។ក្នុងនោះយើងក៏បានអភិវឌ្ឍរួចមកហើយ នូវដំណាក់កាលទីពីរ នូវផែនទីចង្អុលទិស សម្រាប់សុខភាពមាតា និងទារក តែយើងនឹងបន្ដដំណើរធ្វើយ៉ាងម៉េច រក្សាបាននូវស្ថានភាពនេះកាន់តែល្អ ទោះកន្លងមក ព្រះរាជាណាចក្រកម្ពុជា ដែលក្រសួងសុខាភិបាល សម្រេចបាននូវគោលដៅអភិវឌ្ឍសហវត្ស មុនកាលកំណត់ តែយើងនៅតែប្រឹងប្រែង និងធានាបន្ដជំរុញឲ្យកត្ដាទាំងនោះ ឲ្យកាន់តែចុះថយថែមទៀត ,ពិសេសនោះ គឺអត្រាស្លាប់របស់មាតា និងទារក»។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានស្នើឲ្យ UNFPA ធ្វើដំណើរទស្សនកិច្ច ទៅតាមតំបន់ដាច់ស្រយាល និងតំបន់ដែលប្រជាពលរដ្ឋខ្វះខាត ដើម្បីស្វែងយល់បន្ថែមទៀត នូវស្ថានភាពរស់នៅរបស់ប្រជាជនកម្ពុជា និងស្វែងយល់ពីលទ្ធភាព និងសមត្ថភាព ក្នុងការផ្ដល់សេវា សម្រាប់សុខាភិបាលរបស់យើង និងលោកស្រី អាចនឹងជួយដល់សុខាភិបាល ដើម្បីបំពេញបន្ថែមនូវចំនុចខ្វះខាតនេះបន្ថែមទៀត។ ជាការឆ្លើយតប លោកស្រី គាំទ្រ និងអនុវត្ដន៍នូវចំណុចនេះ នៅពេលខាងមុខ៕