(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (ASEAN+3 Macroeconomic Research Office “AMRO”) បានយល់ឃើញដូចគ្នាថា នៅឆ្នាំ២០១៨នេះ កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ លើសការគ្រោងទុក ក្នុងរង្វង់អត្រា៧.២% ដែលធ្វើឱ្យចំណូលជាមធ្យមរបស់ប្រជាជនម្នាក់ៗកើនឡើងស្ទើរតែស្មើនឹង១,៥០០ ដុល្លារអាមេរិក ជាមួយអត្រាអតិផរណាទាបប្រមាណ ៣% ក្នុង១ឆ្នាំ ស្របពេលដែលសមតុល្យពាណិជ្ជកម្មមានភាពរឹងមាំ និងស្ថានភាពហិរញ្ញវត្ថុល្អប្រសើរ។
ការយល់ឃើញដូចគ្នានេះ ត្រូវបានបង្ហាញឡើងក្នុងឱកាសដែល លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឱ្យគណៈប្រតិភូរបស់អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO) ដឹកនាំដោយលោកស្រីបណ្ឌិត Junhong Chang ប្រធាន AMRO ចូលជួបសម្តែងការគួរសម និងរាយការណ៍ពីលទ្ធផលបឋម នៃការវាយតម្លៃពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០១៨ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។
គោលបំណងនៃដំណើរទស្សនកិច្ចការងាររបស់ប្រតិភូ AMRO គឺជួបពិភាក្សាជាមួយ ស្ថាប័នរដ្ឋ និងវិស័យឯកជនពាក់ព័ន្ធ សំដៅប្រមូលទិន្នន័យ និងព័ត៌មានបន្ថែម ដើម្បីជាមូលដ្ឋានសម្រាប់ការវាយតម្លៃពីនិន្នាការ និងការវិវត្តថ្មីៗនៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា ដែលជាផ្នែកមួយនៃបេសកកម្មការងាររបស់ AMRO ក្នុងការអង្កេតតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ច របស់ប្រទេសសមាជិកអាស៊ានបូក ៣ ។
លោកស្រី Junhong Chang បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការបន្ដរក្សា និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ។
វិនិយោគផ្ទាល់ពីបរទេស ក៏សង្កេតឃើញបន្តកើនឡើង ស្របពេលដែលកម្ពុជារក្សាបាននូវស្ថានភាពបំណុលល្អប្រសើរ និងស្ថានភាពហិរញ្ញវត្ថុសាធារណៈរឹងមាំប្រកបដោយ ការប្រុងប្រយ័ត្នខ្ពស់ ដោយផ្តោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបង្កើនចំណាយលើសេវាសង្គមសំខាន់ៗ ដូចជាសុខាភិបាល និងអប់រំជាដើម ។ ប៉ុន្តែ, សេដ្ឋកិច្ចកម្ពុជាក៏នឹងប្រឈមផងដែរទៅនឹងហានិភ័យនៃកត្តាខាងក្រៅមួយចំនួន ខណៈដែលបញ្ហាប្រឈមក្នុងស្រុក កំពុងបន្តដោះស្រាយ ដើម្បីជំរុញភាពប្រកួតប្រជែងរបស់កម្ពុជា និងជំរុញល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិ ច្ចឱ្យកាន់តែឆាប់រហ័ស ។
លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនលោកស្រី Junhong Chang បន្ថែមទៀតថា ដើម្បីអាចបន្តរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព សំដៅសម្រេចបាននូវគោលដៅ ក្នុងការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៦ នៃរដ្ឋសភាបានរៀបចំ និងដាក់ចេញនូវឯកសារគោលនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ ដែលមិនត្រឹមតែសម្រាប់ដោះស្រាយ នូវបញ្ហាប្រឈមខាងលើនោះទេ ប៉ុន្តែថែមទាំងត្រៀមខ្លួនសម្រាប់បដិវត្តន៍ ឧស្សាហកម្មជំនាន់ទី៤ និងសេដ្ឋកិច្ចឌីជីថល ដែលជានិន្នាការថ្មី នៃសេដ្ឋកិច្ចសកលលោកផងដែរ ។
ភាគីទាំងពីរក៏បានទទួលស្គាល់ផងដែរថា ការរក្សាបានសុខសន្តិភាព, ស្ថិរភាពនយោបាយ, គោលនយោបាយអភិវឌ្ឍន៍វែងឆ្ងាយ ច្បាស់លាស់ និងប្រកបដោយសង្គតភាព និងការដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច និងស៊ីជម្រៅ ជាបុរេលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន និងត្រូវបានកំណត់ជាអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់ និងចំណូលខ្ពស់នាពេលអនាគត ។
លោកស្រី Junhong Chang បានសន្យាយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងជួយកម្ពុជាឱ្យសម្រេចគោលដៅនេះ។
លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានស្នើសុំ AMRO បន្តផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជា តាមរយៈការជួយបណ្តុះបណ្តាលសេដ្ឋវិទូកម្ពុជា នៅ AMRO និងបានស្នើសុំ AMRO ពិនិត្យលទ្ធភាព បន្តជ្រើសរើសសេដ្ឋវិទូកម្ពុជា ទៅហ្វឺកហាត់ការងារនៅក្នុង AMRO បន្ថែមទៀត ។ លោកស្រី Junhong Chang ក៏បានសំដែងនូវការគាំទ្រខ្ពស់ចំពោះការស្នើសុំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការបណ្តុះបណ្តាលសមត្ថភាព និងធនធានមនុស្សរបស់កម្ពុជា ។
លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ AMRO ក៏ដូចជា គណៈប្រតិភូ ចំពោះកិច្ចសហការល្អក្នុងការបន្ដតាមដានស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការសន្យាបន្ដបណ្ដុះបណ្ដាលសមត្ថភាពមន្រ្តីកម្ពុជា ព្រមទាំងជូនពរគណៈប្រតិភូឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀតនៅក្នុងកិច្ចការបម្រើដល់បេសកម្មរបស់ AMRO៕