(ហាណូយ, វៀតណាម)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមើលឃើញថា ការតភ្ជាប់ និងការកែសម្រួលផ្លូវច្បាប់ គឺជារឿងចាំបាច់សម្រាប់ប្រទេសក្នុងតំបន់មេគង្កនៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ នាពេលបច្ចុប្បន្ននេះ ដើម្បីឈានទៅការពង្រឹងការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មបានកាន់តែល្អប្រសើរ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពេញអង្គស្តីពីចក្ខុវិស័យថ្មីសម្រាប់តំបន់មេគង្គ ដែលរៀបចំឡើងដោយវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ។
ឆ្លើយតបសំណួរផ្តើមចេញពីអ្នកកាន់វេទិកាកិច្ចប្រជុំកំពូលពេញអង្គស្តីពីចក្ខុវិស័យថ្មីសម្រាប់មេគង្គ ស្តីពីបច្ចេកវិទ្យាក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទីបួននោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា ការតភ្ជាប់ប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធនៅតែជាបញ្ហាអាទិភាព ដើម្បីធានាថាប្រទេសក្នុងតំបន់មេគង្គទាំង៥រួមមាន កម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា អាចភ្ជាប់ទំនាក់ទំនងជាមួយគ្នាកាន់តែងាយស្រួល។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «ខ្ញុំមើលឃើញថា សម្រាប់ប្រទេសនៅក្នុងមេគង្គ ឬយើងអាចហៅបានថា ACMECS បញ្ហាសំខាន់របស់យើងជាអាទិភាពនៅតែជាបញ្ហាតភ្ជាប់ ដើម្បីធានាថា ធ្វើឲ្យប្រទេសរបស់យើងទាំងអស់នេះ គឺទៅមករកគ្នាក្នុងស្ថានភាពមួយដ៏ងាយស្រួល»។
ក្រៅពីការយកចិត្តទុកដាក់លើការតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ទស្សនទានឲ្យប្រទេសតំបន់មេគង្គត្រូវយកចិត្តទុកដាក់លើការសម្រួលទិដ្ឋភាពផ្លូវច្បាប់ផងដែរ។ បើតាមសម្តេចតេជោ ហ៊ុន សែន ការខុសគ្នាផ្លូវច្បាប់នៃប្រទេសនីមួយៗ ក៏ជាឧបសគ្គនៃការធ្វើពាណិជ្ជកម្មនៃប្រទេសក្នុងតំបន់ទាំង៥នេះផងដែរ។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ដូច្នេះ «យើងតភ្ជាប់ទាំងផ្នែករូបវន្ត តភ្ជាប់ទាំងផ្នែកទីជីថល ហើយក្នុងនោះទៀត អ្វីដែលសំខាន់ជាងនេះ គឺការតភ្ជាប់ពាក់ព័ន្ធសម្រួលទិដ្ឋភាពផ្លូវច្បាប់។ បើមិនខិតខំសម្រួលផ្លូវច្បាប់ទេ គម្លាតផ្លូវច្បាប់នៃប្រទេសនីមួយៗនឹងធ្វើឲ្យការធ្វើសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការ សូម្បីតែការសម្រួលពន្ធគយនៅតាមព្រំដែនក៏ជួបការលំបាកដែរ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា ក្រៅពីការតភ្ជាប់រូបវន្ត ដូចជាបញ្ហាផ្លូវថ្នល់ អគ្គិសនី ការតភ្ជាប់ផ្លូវអាកាស ការតភ្ជាប់ផ្លូវទឹកហើយនោះ ប្រទេសក្នុងតំបន់ទាំង៥ ក៏ត្រូវសង្កេតមើលបញ្ហាដទៃទៀត ដូចជាការប្រើប្រាស់ទឹកនៅតាមព្រំដែន ការជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះមហន្តរាយផ្សេងៗជាដើម៕