(ភ្នំពេញ)៖ លោក ណី សំអុល ឯកអគ្គរាជទូត តំណាងអចិន្ដ្រៃយ៍កម្ពុជា ប្រចាំមន្ទីអង្គការសហប្រជាជាតិ និងអង្គការអន្ដរជាតិនានា នៅទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍មួយ ប្រាប់ដល់ប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថា ការដោះលែងលោក កឹម សុខា កាលពីពេលថ្មីៗនេះ គឺផ្អែកតាមកិច្ចមនុស្សធម៌ ស្របតាមអំណាចឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរតែប៉ុណ្ណោះ។
សេចក្តីថ្លែងការណ៍របស់តំណាងកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាទូទៅមួយ នៅក្នុងសម័យប្រជុំលើកទី៣៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលធ្វើឡើង កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។
នៅក្នុងសេចក្តីថ្លែងការណ៍នេះ តំណាងកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖ «ការដោះលែង លោក កឹម សុខា កាលពីម្សិលមិញ ក្រោមលក្ខខណ្ឌតុលាការ គឺធ្វើឡើងដោយផ្អែកលើកិច្ចមនុស្សធម៌ ដោយស្របតាមតាមអំណាចឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរ ហើយការដោះលែងអ្នកជាប់ឃុំ និងអ្នកទោសថ្មីៗនេះ គឺជាការអនុវត្តនីតិវិធី ដែលជាកាតព្វកិច្ចនៃការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងរដ្ឋទាំងអស់ដែលមានមោទនភាពថាខ្លួនជាអ្នកប្រកាន់នីតិរដ្ឋ»។
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ តំណាងកម្ពុជា៖