(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកសាស្រ្តា ប្រ៊ុយណូ ស្ពៀររ៉េ (Bruno SPIRE) អ្នកសម្របសម្រួលបារាំង សម្រាប់គម្រោងភ្នាក់ងារសិក្សាស្រាវជ្រាវផ្នែកជំងឺអេដស៍ និងជំងឺរលាកថ្លើម ហៅកាត់( ANRS)ថា កម្ពុជា-បារំាង បានប្ដេជ្ញារួមគ្នា ក្នុងការសហការស្រាវជ្រាវ លើគម្រោងចំនួន៦បន្ថែមទៀត លើគម្រោងកន្លងមក ។
ក្នុងជំនួបពិភាក្សាការងារដែលធ្វើឡើង នាទីស្ដីការក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងឲ្យដឹងថា គម្រោងដែលត្រូវសិក្សាស្រាវជ្រាវរួមគ្នា៦គម្រោង រួមមាន៖
១/៖ យុទ្ធសាស្រ្តការធ្វើតេស្ដដោយការព្យាបាល ការធ្វើតេស្តឆាប់រហ័ស និងផ្តល់ការព្យាបាលឱសថឈ្មោះ តេណូហ្វូនៀល ដើម្បីការពារការចម្លងជំងឺរលាកថ្លើមប្រភេទបេ ពីស្រី្តមានផ្ទៃពោះចម្លងទៅទារក
២/៖ MIRNA ជាការប៉ាន់ប្រមាណ និងគម្រោងការសិក្សាស្រាវជ្រាវចម្លងរោគ ដែលមានអ្នកផ្ទុកមេរោគរបេង និងជំងឺអេដស៍
៣/៖ សិក្សាលម្អិត អំពីអត្រាប្រេវ៉ាឡង់ និងរកនូវពូជនៃមេរោគ ដែលធ្វើឲ្យរលាកថ្លើម និងការអនុវត្តន៍ ក្នុងការចាក់ថ្នាំ មិនមានសុវតិ្ថភាព សម្រាប់អ្នកដែលមានជំងឺអេដស៍ និងអ្នកជំងឺរលាកថ្លើម នៅក្នុងខេត្តបាត់ដំបង
៤/៖ សិក្សាអំពីវត្ដន៍នៃការប្រើបា្រស់ឱសថ ព្យាបាលដោយឱសថពន្យាអាយុជីវិត សម្រាប់ជំងឺអេដស៍ ដើម្បីស្វែងរកការរៀបចំនូវរបបកញ្ចប់ នៃការព្យាបាល ដែលហៅថា ឱសថក្នុងជួរទី៣
៥/៖ ការវាយតម្លៃទៅលើជំងឺរលាកថ្លើម ដោយផ្អែកទៅលើការឆែកសុខភាពអ្នកជំងឺ សម្រាប់ការពារនូវជំងឺមហារីកមាត់ស្បូន ក្នុងចំណោមស្រី្ត ដែលមានវីរុសអេដស៍នៅក្នុងប្រទេស ដែលមានប្រាក់ចំណូលទាប
៦/៖ សិក្សាអំពីសហគមន៍ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ ដែលមានសេវាកំពុងផ្តល់ក្នុងសហគមន៍ និងសេវាដែលកំពុងធ្វើនៅក្នុងមូលដ្ឋានសេវាសុខាភិបាលសាធារណៈ ដើម្បីធ្វើឲ្យប្រសើរឡើងនៃករណី ដែលមានជំងឺរលាកថ្លើមប្រភេទសេ នៅកម្ពុជា។
លោកសាស្ដ្រាចារ្យ បន្ដថា គម្រោងនេះទៀតសោត បានអនុវត្តន៍សម្រេច ៣៨គម្រោងរួចមកហើយ គិតចាប់តាំងពីឆ្នាំ២០០១ រហូតមកដល់សព្វថ្ងៃនេះ ដោយបារាំង បានជួយគាំទ្រទៅដល់ការងារបណ្តុះបណ្តាលធនធានមនុស្ស នៅក្នុងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ពិសេសសម្រាប់ភ្នាក់ងារជាតិលើជំងឺអេដស៍ និងជំងឺថ្លើមប្រភេទបេ ដែលតំណាងដោយលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ដែលបានរៀបចំជាគម្រោង ក្នុងរយៈពេលកន្លងមកនេះ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ទៅលើករណីជំងឺអេដស៍នៅកម្ពុជា។
ទន្ទឹមនឹងនោះ លោកសាស្រ្តា ប្រ៊ុយណូ ស្ពៀររ៉េ ក៏បានបញ្ជាក់ពីការប្ដេជ្ញាបន្តកិច្ចសហប្រតិបតិ្តការ ធ្វើការសិក្សាស្រាវជ្រាវបន្តទៀត លើការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងរៀបចំសិក្សាស្រាវជ្រាវ លើករណីជំងឺថ្លើមប្រភេទបេ ក៏ដូចជាករណីថ្លើមប្រភេទសេផងដែរ បន្ទាប់ពីគម្រោងកន្លងមក ដើម្បីការពារជំងឺថ្លើមប្រភេទបេ ដែលជាជំងឺមួយដែរអាចឆ្លងពីម្តាយទៅកូន បានយ៉ាងឆាប់រហ័សនោះ ។
ក្រោមកិច្ចសហការជាមួយបារាំងកន្លងមកនេះ ក្រសួងសុខាភិបាល ទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ក្នុងការប្រើបា្រស់លទ្ធផល ក្នុងការអភិវឌ្ឍនូវគោលនយោបាយ ក៏ដូចជាយុទ្ធសាស្រ្ត និងអន្តរាគមន៍ផ្សេងៗក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ពិសេសមជ្ឈមណ្ឌលជាតិអេដស៍ សើរស្បែក និងកាមរោគនៅកម្ពុជា ៕