(ភ្នំពេញ)៖ បើទោះបីជាសម្តេច ហ៊ុន សែន លោកបានប្រកាសចូលនិវត្តន៍នៅពេល១០ឆ្នាំមុខក៏ដោយ ក៏អ្នកដែលអាចជានាយករដ្ឋមន្ត្រីខ្មែរ ក្រោយសម្តេច ហ៊ុន សែន មិនមែនជា សម រង្ស៊ី ឬ កឹម សុខា ដែរ។ ពោលគឺក្រោយពីសម្តេច ហ៊ុន សែន ចូលនិវត្តន៍លែងធ្វើនយោបាយទៅ មានតែបេក្ខភាពអ្នកនយោបាយជំនាន់ថ្មីវ័យក្មេងប៉ុណ្ណោះ ដែលហ្នឹងអាចក្លាយជានាយករដ្ឋខ្មែរបន្ទាប់ពីសម្តេច។ តែបើសម្តេច ហ៊ុន សែន នៅតែបន្តធ្វើនយោបាយនោះ សម រង្ស៊ី និង កឹម សុខា ក៏បានត្រឹមតែធ្វើនាយករដ្ឋមន្ត្រីហ្វេសបុកតែប៉ុណ្ណឹង។
ពលរដ្ឋខ្មែរ អ្នកចង់បានមេដឹកនាំថ្មី ត្រូវរៀនតាមដាន រៀនស្តាប់ រៀនពិចារណា និងរៀនផ្ទៀងផ្ទាត់ពីចរឹតភាពរបស់អ្នកនយោបាយមកពីគ្រប់គណបក្សដែលរួមទាំងអ្នកនយោបាយ ដែលទើបបង្កើតគណបក្សថ្មីៗផង។ ការធ្វើនយោបាយដើម្បីក្លាយទៅជាអ្នកដឹកនាំប្រទេសក្នុងសម័យថ្មីនេះ មិនមែនពឹងលើអាមេរិក ឬអឺរ៉ុបទេ តែត្រូវពឹងលើជំនឿជឿជាក់ ពីពលរដ្ឋអ្នកបោះឆ្នោត។ ពោលមិនមែនដូចកាលពីសម័យលង្វែក សម័យឧត្តុង្គ និងសម័យចតុមុខ ដែលម្ខាងពឹងយួន ម្ខាងពឹងសៀម ដើម្បីបានធ្វើជាស្តេចទេ។ សម័យនេះ ជាសម័យបោះឆ្នោត ដែលត្រូវធ្វើយ៉ាងណាប្រមូលយកសន្លឹកឆ្នោតពីពលរដ្ឋខ្មែរឲ្យបាន។
នយោបាយពឹងលើដង្ហើមបរទេស ឬខ្ចីច្រមុះបរទេសដកដង្ហើមដូច សម រង្ស៊ី និង កឹម សុខា គឺជានយោបាយត្រីងាប់ដែលហែលបណ្តោយទឹក តាមតម្រូវចិត្តពួកអ្នកបរទេសនិយម មួយចំនួនតូចដែលរស់នៅក្រៅស្រុក ហើយមិនស្គាល់របត់នយោបាយសម័យថ្មីប៉ុណ្ណោះ។ និយាយឲ្យស្រួលស្តាប់ អាមេរិកក៏ដោយ អឺរ៉ុបក៏ដោយ មិនអាចលើកទ័ពមកមកស្រុកខ្មែរ ដង្ហែរ សម រង្ស៊ី ឬដង្ហែរ កឹម សុខា ឡើងធ្វើជានាយករដ្ឋមន្ត្រីបានទេ។ ចំណែកឯការប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬទណ្ឌកម្មនយោបាយពីសំណាក់សមាជិកម្នាក់ ឬពីរនាក់នោះក៏សេចក្តីស្នើច្បាប់នេះមិនប្រាកដថា ទាញបានការឯកភាពយល់ព្រមពីសមាជិកសភាភាគច្រើនដែរ ព្រោះរដ្ឋាភិបាលអាមេរិក និងរដ្ឋាភិបាលអឺរ៉ុប ត្រូវការកសាងទំនាក់ទំនងការទូតជាមួយនឹងប្រទេសខ្មែរ ។
ខ្មែរជាប្រទេសសមាជិក UN និងជាសមាជិកអង្គការពិភពលោកច្រើនទៀត ហើយរដ្ឋាភិបាលគេធ្វើការងារជាមួយនឹងរដ្ឋាភិបាលដូចគ្នា មិនមែនធ្វើការជាមួយនឹងអ្នកនយោបាយ ដែលនៅក្រៅឆាក ក្រៅសង្វៀនបោះឆ្នោតដូច សម រង្ស៊ី និង កឹម សុខា ទេ។ ពេលដែលពលរដ្ឋខ្មែរអាមេរិកាំង ឬពលរដ្ឋខ្មែរអឺរ៉ុប ក្រុមណាមួយចង់ទៅជួបសមាជិកសភាអាមេរិក ឬសមាជិកសភាអឺរ៉ុប គឹវាយស្រួលជួបនិយាយគ្នាណាស់ ព្រោះសមាជិកសភាទាំងនោះ គេត្រូវការសំឡេងជួយបោះឆ្នោតឲ្យគេបន្តសមាជិកភាព និងត្រូវការលុយជួយយុទ្ធនាការ។ ដូចនេះគេមិនខ្លាចហ្នឹងចេញមុខមកជួយបន្តិចបន្តួច ធ្វើជាព្រាងច្បាប់ ឬស្នើច្បាប់ដើម្បីបំពេញចិត្តអ្នកដែលមានសញ្ជាតិអាចជួយបោះឆ្នោតឲ្យពួកគេនោះទេ ព្រោះគេដឹងថា សេចក្តីព្រាង ឬស្នើច្បាប់នោះជាសិទ្ធិឯករាជ្យរបស់សមាជិកសភាម្នាក់ តែវាមិនងាយទទួលបានការគាំទ្រអនុម័តទេ។
ដូច្នោះ សម រង្ស៊ី និង កឹម សុខា មិនអាចក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ពី សម្តេច ហ៊ុន សែន បានជាដាច់ខាត កុំថាឡើយក្នុងពេលដែលសម្តេច ហ៊ុន សែន នៅបន្តធ្វើនយោបាយ ទោះជាក្រោយពេលសម្តេចចូលនិវត្តន៍ក៏ដោយ។ មានតែបេក្ខភាពអ្នកនយោបាយវ័យក្មេងជំនាន់ថ្មីប៉ុណ្ណោះ ដែលមានឱកាសធ្វើជានាយករដ្ឋមន្ត្រី ដូចដែលសម្តេច ហ៊ុន សែន ធ្លាប់បានប្រកាសថា «អ្នកជំនាន់ថ្មី ជាអ្នកបន្តវេន» ។
មានន័យថា សម រង្ស៊ី និង កឹម សុខា ធ្វើនយោបាយដល់ថ្ងៃស្លាប់ ក៏បានត្រឹមតែដណ្តើមគ្នាធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីតែប៉ុណ្ណោះ៕
ដោយ៖ សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ