(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក បានបង្ហាញនូវក្តីសោមនស្សរីករាយ និងអបអរសាទរផងដែរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលទទួលបានការគាំទ្របន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងលិខិតអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រីវៀតណាម បានគូសរំលេចថា ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន គឺជាសក្ខីភាពឆ្លុះបញ្ចាំងអំពីទំនុកចិត្តដ៏មហិមារបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា ចំពោះគណបក្សប្រជាជនកម្ពុជានិយាយជារួម និងចំពោះសម្តេចតេជោ ហ៊ុន សែន និយាយដោយឡែក។
លោក ង្វៀន សួនហ្វុក បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ នឹងបន្តរក្សាបាននូវសុខសន្តិភាព ឯករាជ្យភាព អព្យាក្រឹត្យ ស្ថិរភាព និងវិបុលភាពជាមួយនឹងជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរ ហើយតួនាទី និងកិត្យានុភាពរបស់កម្ពុជា នឹងត្រូវបានបន្តពង្រឹងទាំងក្នុងតំបន់ និងនៅលើពិភពលោក។
លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏មានជំនឿចិត្តផងដែរថា ក្នុងតួនាទីជានាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន នឹងបន្តរួមចំណែកធំធេងពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម។
លោក ង្វៀន សួនហ្វុក បានបញ្ជាក់ទៀតថា លោកនឹងណែនាំគ្រប់ក្រសួងស្ថាប័នរបស់រដ្ឋាភិបាល អនុវត្តន៍ឲ្យមានប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការវាងប្រទេសទាំងពីរ សម្តៅធ្វើឲ្យទំនាក់ទំនងកម្ពុជា-វៀតណាម ដែលស្ថិតក្នុង «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពរឹងមាំយូរអង្វែង» ឈានឡើងកម្រិតថ្មីមួយទៀត ដើម្បីជាផលប្រយោជន៍នៃប្រជាជនទាំងពីរ និងដើម្បីសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់អាស៊ាន និងនៅលើពិភពលោក៕