(ភ្នំពេញ)៖ ពិព័រណ៍វិស័យស្ថាបត្យកម្មអាគារ និងសម្ភារៈសំណង់អន្ដរជាតិធំជាងគេបំផុតរបស់កម្ពុជា (CAMBUILD 18) បានបើកសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលពិព័រណ៍កោះពេជ្រ ដែលមានជិត៤០០ក្រុមហ៊ុន និងម៉ាកផលិតផលអន្តរជាតិមកពី២៣ ចូលរួមដាក់តាំងពិព័រណ៌ ដែលប្រព្រឹត្ដទៅ ក្រោមអធិបតីភាព លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការនៃក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការក្រុមប្រឹក្សាភិបាលស្ថាបត្យករកម្ពុជា ។
ពិព័រណ៍សំណង់នេះ ចាប់ផ្តើមពីថ្ងៃទី១២-១៤ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានអ្នកតាំងពិព័រណ៍ជាង៣៥០ក្រុមហ៊ុន និងម៉ាកផលិតផលអន្តរជាតិមកពី២៣ប្រទេស រួមមានប្រទេស ចិន អ៊ីតាលី ជប៉ុន កូរ៉េខាងត្បូង អាល្លឺម៉ង់ ម៉ាឡេស៊ី តៃវ៉ាន់ ថៃ សិង្ហបុរី និងវៀតណាម។ CAMBUILD 18 ប្រមូលផ្តុំទៅដោយ ស្ថាបត្យករ អ្នករចនា អ្នកអភិវឌ្ឍ វិស្វករ អ្នកម៉ៅការ អ្នកផ្គត់ផ្គង់និងអ្នកចែកចាយ ព្រមទាំងជាវេទិកាផ្គត់ផ្គង់ផលិតផលថ្មីៗជាមួយបច្ចេកវិទ្យា និងទទួលបានគំនិតច្នៃប្រឌិតថ្មីៗនៅក្នុងឧស្សាហកម្មសំណង់។
លោកភឿង សុភ័ណ រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការក្រុមប្រឹក្សាភិបាលស្ថាបត្យករកម្ពុជា បានថ្លែងថា៖ ព្រឹត្តិការណ៍តាំងពិព័រណ៌វិស័យស្ថាបត្យកម្មសំណង់ និងសម្ភារៈសំណង់នេះ ជាវេទិកាជួបជុំពិភាក្សាគ្នា ដើម្បីស្វែងរកធាតុចូលបំប៉នបន្ថែមចំណេះវិជ្ជា ចំណេះដឹង ចំណេះធ្វើនិងបទពិសោធន៍ដល់ស្ថាបត្យករនិង វិស្វករ នគរូបនីយករ និងអ្នកជំនាញវិស័យសំណង់ ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនលក់សម្ភារៈសំណង់ ព្រមទាំងនិស្សិតក្នុងជំនាញ។
លោកបានបញ្ជាក់ថា «ស្ថាបត្យករសំណង់ ជាកត្តាដ៏សំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ, បច្ចុប្បន្នក្រុមហ៊ុនធំៗមកពីប្រទេសចិន ជប៉ុន កូរ៉េ ថៃសិង្ហបុរី ម៉ាឡេស៊ីជាដើម បានចូលមកវិនិយោគសាងសង់សំណង់ធំៗ ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតធំ និងទំនើបៗ វិស័យលំនៅឋានខុនដូ ផ្សារទំនើបជាដើម»។
លោក Andrew Siow នាយកក្រុមហ៊ុន AMB Tarsus Events Group ដែលជាអ្នករៀបចំកម្មវិធី CAMBUILD 18 បានថ្លែងថា «CAMBUILD ត្រូវបានរៀបចំជាលើកទី៨ និងជាព្រឹត្តិការណ៍ដែលស្ថាបត្យករ អ្នករចនា អ្នកអភិវឌ្ឍ វិស្វករ អ្នកម៉ៅការ អ្នកផ្គត់ផ្គង់ និងអ្នកចែកចាយ មានឱកាសចូលរួមទស្សនា ការផ្គត់ផ្គង់ផលិផលថ្មីៗជាមួយបច្ចេកវិទ្យា និងទទួលបានគំនិតច្នៃប្រឌិតថ្មីៗនៅក្នុងឧស្សាហកម្មសំណង់។ ក្នុងនោះ មានអ្នកតាំងពិព័រណ៍ជាង៣៥០ក្រុមហ៊ុន និងម៉ាកផលិតផលអន្តរជាតិមកពី២៣ប្រទេស សម្រាប់អ្នកចូលរួមទស្សនាជាង១ម៉ឺននាក់ ដែលត្រូវបានអញ្ជើញចូលរួមទស្សនាទស្សនាដោយឥតគិតថ្លៃ»។
ក្នុងចំណោមក្រុមហ៊ុនជាច្រើន ដែលបានចូលរួមដាក់តាំងពិព័រណ៍ ក៏មានក្រុមហ៊ុន BETON BLOCK & PAVE ផងដែរ ដែលជាក្រុមហ៊ុនផលិត និងចែកចាយគ្រឿងសំណង់នៅកម្ពុជា តាមបច្ចេកវិទ្យាបារាំង ។លោក Pak Serge អគ្គនាយកនៃក្រុមហ៊ុន BETON BLOCK & PAVE បានឱ្យដឹងថា «ផលិតផលនេះបាននាំចូលពីប្រទេសបារាំង ដែលជាប្រទេសមានកេរ្តិ៍ឈ្មោះល្បី ក្នុងវិស័យស្ថាបត្យកម្ម និងសំណង់ ហើយបច្ចុប្បន្ននេះ ផលិតផលរបស់ក្រុមហ៊ុនលោក ក៏បានផលិតនៅកម្ពុជា ពោលគឺនៅ ស្រុកឧត្តុង្គ និងខេត្តកំពង់ស្ពឺ ដើម្បីបង្កើនការចែកចាយ ទៅកាន់ទីផ្សារប្រទេសកម្ពុជាកាន់តែច្រើន ក្នុងគោលបំណងឱ្យពលរដ្ឋកម្ពុជា បានប្រើប្រាស់ផលិតផលដែលមានគុណភាពជាប់បានយូរ» ។
លោកបន្តថា ផលិតផលរបស់ក្រុមហ៊ុនលោក បើនៅស្រុកបារាំងវិញ គេប្រើជាង១០០ឆ្នាំមកហើយ រហូតមកដល់ពេលនេះ សំណង់ដែលប្រើផលិតផលនេះក៏នៅតែដដែល មិនទាន់មានការបែកបាក់ ឬវាយចោលនោះឡើយ ។
សម្រាប់កម្ពុជាវិញ លោកក៏បានបង្កើតរោងចក្រមួយផលិតនៅក្នុងស្រុកតែម្ដង ព្រោះបើនាំចូលពីបារាំង នឹងត្រូវចំណាយច្រើន ម្យ៉ាងទៀតលោកចង់បង្កើតរោងចក្រនៅស្រុកខ្មែរ ដើម្បីផ្ដល់ការងារជូនប្រជាពលរដ្ឋកម្ពុជា ធ្វើឱ្យ បានច្រើន ហើយចំពោះផលិតផល ដែលផលិតនៅក្នុងស្រុកខ្មែរ ត្រូវបានប្រើប្រាស់នៅតាមបណ្ដាអគារ និងទីសាធារណៈជាច្រើន ដូចជាការ៉ូឡា រៀបនៅតាមចិញ្ចឹមផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញ និងតាមសួនច្បារនានាជាដើម ។លើសពីនោះ ផលិតផលរបស់លោក ក៏មាននៅតាមការដ្ឋានសំណង់លំនៅឋាន វីឡាធំៗជាច្រើនផងដែរ ទាំងនៅភ្នំពេញ និងតាមបណ្ដាខេត្ត។
លោកបញ្ជាក់ថា ដើម្បីពង្រីកទីផ្សារឱ្យកាន់តែទូលំទូលាយ ក្រុមហ៊ុន BETON BLOCK & PAVE បានចាប់ដៃគូសហការជាមួយក្រុមហ៊ុនសំណង់ល្បីៗជាច្រើនដូចជា ក្រុមហ៊ុន Vinci Construction (airport) និងSOMA Construction ដែលបានផ្គត់ផ្គង់ឥដ្ឋបេតុង ដើម្បីសាងសង់ខុនដូ ធនាគាអេស៊ីលីដា រោងចក្រ Heineken និងសំណង់ជាច្រើនទៀត ។ ហើយក្រុមហ៊ុន បានគិតគូដល់សុវត្ថិភាព ជូនអតិថិជន ដែលចង់បានសំណង់ សម្រាប់សាងសង់គេហដ្ឋាន ឬវីឡា ដែលមានស្តង់ដាខ្ពស់ និងរឹងមាំ ៕