(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានលើកឡើងនៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះថា សំណើសុំបញ្ចូលរបៀបវារៈ និងស្នេីសភាសហគមន៍អឺរ៉ុបឱ្យអនុម័តលើសំណើសុំឱ្យ អង្គការសហប្រជាជាតិ ដកអាសនៈរបស់កម្ពុជា គឺជាសំណើមួយក្នុងភាពអាម៉ាស និងមិនស៊ីវីល័យ គួរឲ្យស្អប់ខ្ពើមបំផុត។

លោក ផៃ ស៊ីផាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សំណើសុំបញ្ចូលរបៀបវារៈជាមតិរួម (resolution) និងស្នេីសភាសហគមន៍អឺរ៉ុបអនុម័តដកអាសនៈពីកម្ពុជា គឺជាសំណើមិនស្របនឹងគោលកាណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជារដ្ឋធម្មនុញ្ញកម្ពុជា ដែលជាសំណើមួយក្នុងភាពអាម៉ាស និងមិនស៊ីវីល័យ គួរឲ្យស្អប់ខ្ពើម»។ លោកបានបន្តថា «កម្ពុជាមិនលុតជង្គង់ ក្រោមការដាក់ទណ្ឌកម្ម ដើម្បីវាយប្រហាររំលាយនីតិរដ្ឋ បែរជាតម្កើងនីទណ្ឌភាពដែលផ្ទុយពីកម្ពុជា ប្រឹងប្រែងកែទម្រង់ និងពង្រឹងនីតិរដ្ឋ និងប្រកបទទួលបានជេាគជ័យជាបណ្ដើរៗ ដែលមានតុល្យភាព រវាងប្រជាធិបតេយ្យ និងនីតិរដ្ឋក៏ដូចជាសិទ្ធិមនុស្សជាដេីម»

ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងស្របពេលដែល សភា​នៃ​សហភាព​អឺរ៉ុប​ គ្រោង​កោះ​ប្រជុំ នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ២០១៨។ កិច្ចប្រជុំនោះក៏នឹងពិភាក្សាអំពីបញ្ហា​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ និង​ច្បាប់ផងដែរ។ សមាជិកសភាអឺរ៉ុបមួយចំនួន ក៏ប៉ុនប៉ងលើកយករបៀបវារៈស្នើឱ្យសភាអឺរ៉ុបអនុម័តសំណើមួយទៅអង្គការសហប្រជាជាតិ ឱ្យដកអាសនៈរបស់កម្ពុជាផងដែរ។

លោក ផៃ ស៊ីផាន បានលើកឡើងទៀតថា សេចក្ដីស្នើនេះ បានឆ្លុះបញ្ចាំងនូវអត្តចរិតចក្រពត្តិ និងអាណានិគម ប្រឆាំងនឹងឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានចំនួនជាង៧០ភាគរយចេញពីសន្លឹកឆ្នោតសរុប នៅក្នុងប្រអប់ឆ្នោតដែលមានជាង៨០ភាគរយ ចេញទៅបោះឆ្នោតគាំទ្រជូន និង ទុកចិត្តសម្តេចតេជោ។

លោកបានបន្តថា តាមពិតគឺមិនត្រឹមតែប្រឆាំងនឹងរាជរដ្ឋាភិបាលនោះទេ គឺប្រឆាំងនឹងប្រជាជាតិខ្មែរតែម្តង ត្បិតការស្រង់មតិ ថ្មីនេះ ធ្វេីដោយវិទ្យុមាននិន្នាការប្រឆាំង RFA បានផ្សព្វផ្សាយ និងទទួលស្គាលថា មានប្រជាពលរដ្ធចំនួន ៨៦ភាករយ ទទួលស្គាល់រាជរដ្ធាភិបាល អាណត្តិទី៦នេះ។ និន្នាការចក្រពត្ដិ និងអាណានិគមបែបនេះ វាហួសសម័យកាលហើយ។

លោកផៃ ស៊ីផាន បានបញ្ជាក់ទៀតថា កម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យភាព និងជាសមាជិកពេញលេញ នៅក្នុងអង្គការអន្ដររដ្ឋាភិបាល ដែលមានឈ្មោះអង្គការសហប្រជាជាតិនេះ។ រាជរដ្ឋាភិបាលសម្ដេចតេជោនាយករដ្ឋមន្រ្ដី កើតឡើងដោយឆន្ទៈប្រជាពលរដ្ឋ តាមរបបប្រជាធិបតេយ្យ សេរីពហុបក្ស និងមិនមែនតាមរយៈចុងកាណុងនោះទេ។

លោកបានបន្ថែមថា នៅក្នងន័យនេះ យ៉ាងហោចណាស់ ប្រជាជាតិជាមិត្តមួយចំនួននៅក្នុងក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ក៏ដូចជាសមាជិកពេញអង្គ អង្គការសហប្រជាជាតិ ក៏បានផ្ញើសំបុត្រអបអរសាទរជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការគោរពទទួលស្គាល់នូវជម្រើសរបស់ ប្រជាពលរដ្ឋកម្ពុជា ដែលជាសិទ្ធិផ្ដាច់មុខ ក្នុងការទទួលខុសត្រូវលើជោគវាសនារបស់ខ្លួន ដោយខ្លួនឯង ដូចដែលបានចែង និងធានាដោយធម្មនុញ្ញអង្គការសហប្រជាជាតិ៕