(កំពង់ចាម)៖ បទល្មើសនេសាទខុសច្បាប់នៅខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបជាបន្ដបន្ទាប់ ជាក់ស្ដែងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាល បានបង្ក្រាបបទល្មើសនេសាទ នៅស្រុកស្រីសន្ធរ និងស្រុកកងមាស ដោយដកហូតបានវត្ថុតាងមួយចំនួនផងដែរ ដើម្បីដុតបំផ្លាញចោល។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន អំពីបទល្មើសនេសាទខុសច្បាប់ លោកបានចាត់បញ្ជា អធិការនគរបាលស្រុកស្រីសន្ធរ និងស្រុកកងមាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះអណ្តែត និងខ្ចៅ និងកម្លាំងប្រជាការពារ ដឹកនាំដោយលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះអណ្តែត និងខ្ចៅ ដោយមានការចង្អុលបង្ហាញពីលោក ស៊ីម គង់ និងលោក មឿន ផា អភិបាលស្រុកស្រីសន្ធរ និងកងមាស បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចអូរវែង ស្ថិតក្នុងភូមិសាស្ត្រ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ និងចំណុចបឹងB៦ ឃុំខ្ចៅ ស្រុកកងមាស។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ជាលទ្ធផលស្រុកស្រីសន្ធរ ដកហូតបានលូស្បៃមុង ចំនួន៣មាត់, របាំងព្រួល ប្រវែង៩០ម៉ែត្រ ហើយចំពោះសម្ភារវត្ថុតាង បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះអណ្តែត។
ដោយឡែក នៅស្រុកកងមាស ដកហូតបាន លូស្បៃមុង ចំនួន៣៤មាត់, របាំងព្រួល ប្រវែង៣,៤០០ម៉ែត្រ និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិ ចំនួន១២២គីឡូក្រាម។ ចំពោះសម្ភារវត្ថុតាង បានដុតបំផ្លាញចោលនៅចំណុចក្បាលផ្លូវធ្លា ក្រោយភូមិវារិន្ទទី២ ឃុំខ្ចៅ ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏បានឲ្យដឹងផងដែរ អំពីប្រតិបត្តិការបង្ក្រាបគ្រឿងញៀនមួយករណីផ្សេងទៀត នៅចំណុចភូមិត្រពាំងជីនាង ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជំនាញខេត្តសហការជាមួយជំនាញស្រុកព្រៃឈរ ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់។
លោកស្នងការ គូសបញ្ជាក់ថា ជនសង្ស័យទី១៖ឈ្មោះ ប៉ាត តា អាយុ៣២ឆ្នាំ, ទី២៖ឈ្មោះ ហង់ ទីណា អាយុ៣០ឆ្នាំ និងទី៣៖ឈ្មោះ ស៊្រុន ជា អាយុ២៧ឆ្នាំ ដោយដកហូតបាន ម្សៅក្រាមពណ៌ស ចំនួន០៧កញ្ចប់ ទូរស័ព្ទដៃ០២គ្រឿង ម៉ូតូ០២គ្រឿង ឧបករណ៍សេពមួយសម្រាប់ និងសម្ភារវេចខ្ចប់មួយចំនួន៕