(ណាននីង, ក្វាងស៊ី)៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ គណៈប្រតិភូកម្ពុជា ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងមានការចូលរូមពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញទស្សនាស្តង់លក់ផលិតផលខ្មែរ និងសេវាកម្ម ស្ថិតនៅក្នុងពន្លាជាតិកម្ពុជា ដើម្បីសំណេះសំណាលជាមួយអាជីវករ ​និងពាណិជ្ជករ ដែលបានចូលរួមព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី១៥។

ក្នុងឱកាសនោះឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានជម្រាបជូនបងប្អូនអាជីវករ និងពាណិជ្ជករទាំងអស់ អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងស្វែងរកទីផ្សារជូនវិស័យឯកជន ហើយការចូលរួមពិព័រណ៍របស់កម្ពុជា នៅក្នុងឆ្នាំនេះ គឺដើម្បីផ្សព្វផ្សាយអំពីផលិតផលសក្តានុពលរបស់កម្ពុជា រួមជាមួយតំបន់ទេសចរណ៍ និងវប្បធម៌ដ៏ល្អផូផង់របស់កម្ពុជា ទៅកាន់ពិភពលោក សំដៅពង្រីកទីផ្សារ ទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរបរទេសឲ្យចូលមកធ្វើធុរកិច្ច និងទស្សនាកម្ពុជា កាន់តែច្រើន។​

បន្ទាប់មកគណៈប្រតិភូកម្ពុជា ក៏បានអញ្ជើញពិនិត្យមើលទំនិញប្រើប្រាស់ និងគ្រឿងបរិភោគ ដែលផលិតដោយសហគ្រាសធុនតូច និងធុនធម្យមនៅកម្ពុជា រួមជាមួយសេវាកម្មផ្សេងៗរាប់ចាប់តាំងពីវិស័យហិរញ្ញវត្ថុ ដល់វិស័យអចលនទ្រព្យ រួមទាំងតំបន់សេដ្ឋកិច្ចពិសេសផងដែរ ដែលភាគច្រើន គឺជាកិច្ចសហការរវាងក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនវិនិយោគចិន។

យោងតាមលោក ស៊ាង ថៃ អគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ពន្លាជាតិរបស់កម្ពុជាឆ្នាំនេះ បានទាក់ទាញក្រុមហ៊ុនចូលរួមចំនួន៩០ និងមានស្តង់សរុបចំនួន ១៤៥ស្តង់ ដែលមានតាំងបង្ហាញ​ផលិតផល​​​​​សក្តា​នុពល​​​ចម្រុះ ទាក់ទង​ទំនិញ​កសិកម្ម និងកសិ-ឧស្សាហកម្ម។ ក្រៅពីនេះ ក៏មានរៀបចំសិក្ខាសាលាខ្លីៗ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយវិនិយោគ និង​បរិយាកាស​ធ្វើធុរកិច្ចនៅកម្ពុជា អមដោយពិធីចុះហត្ថលេខា​លើគម្រោង​វិនិយោគថ្មីៗចំនួន១២ រវាងវិនិយោគិនចិន និងសហគ្រិនកម្ពុជា និងសហគ្រិនចិន ដែលមានតម្លៃគិតជាទឹកប្រាក់ ៧៩,៦៣លានដុល្លារសហរដ្ឋអាមេរិក។

សូមជម្រាបថា ពិព័រណ៍ចិន-អាស៊ាន គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំរបស់ទីក្រុងណាននីង ​​ដែលបានរៀបចំលើក​ដំបូង​ នៅក្នុង​ឆ្នាំ២០០៤ តាមគំនិតផ្តួចផ្តើមរបស់លោក វិន ជាបាវ អតីត​នាយករដ្ឋមន្រ្តី​​ចិន ក្នុង​កិច្ច​ប្រជុំ​កំពូលអាស៊ាន-ចិន លើកទី៧ ហើយទទួលបានការគាំទ្រពីបណ្តាមេដឹកនាំនៃប្រទេស​អាស៊ាន​ទាំងអស់។ ក្នុងរយៈពេល ១៥ឆ្នាំនេះ ព្រឹត្តិការណ៍ពិព័រចិន-អាស៊ាន បានក្លាយជាវេទិកាមួយ​សម្រាប់​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច នយោបាយ ទេសចរណ៍ វប្បធម៌ និងទំនាក់​ទំនងការទូត ជាពិសេសកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសចិន និងប្រទេសជាសមាជិកអាស៊ានទាំង១០៕