(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅល្ងាចថ្ងៃទី១២ ខែកញ្ញា​ ឆ្នាំ​២០១៨នេះ ​បានបន្តដឹកនាំក្រុមការងារសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ចុះជួប​សំណេះសំណាល​ សួរ​សុខទុក្ខ និង​នាំយកអំណោយមួយចំនួនរបស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូន​អតីត​យុទ្ធ​ជន​ពិការ​ដោយ​សារ​សង្គ្រាម​ម្នាក់ ដែលរស់នៅភូមិស្វាយកល្ប ឃុំកកោះ ស្រុកសន្ទុក ខេត្ត​កំពង់ធំ។

​អតីត​យុទ្ធ​ជន​ពិការខាងលើមានឈ្មោះ ស្រម៉ៃ ថា​ អាយុ​៥២​ឆ្នាំ បានចូលបម្រើការងារក្នុងជួរកងទ័ព​តាំងពី​ឆ្នាំ​១៩៨២​ នៅអតីតអង្គភាព​កងពល​២៨៦​ ហើយ​បាន​ធ្លាក់​ខ្លួន​ពិការ​នៅ​ឆ្នាំ​១៩៨៥ ​នៅក្នុងសមរភូមិ​ម៉ាឡៃ ទឹក​ដី​ប៉ៃលិន​​។ ជាអកុសល ភរិយារបស់អតីតយុទ្ធជនរូបនេះ ក៏ជាជនពិការដែរ ហើយ​​​កំពុង​មាន​ជំងឺ ត្រូវ​ទទួល​ខុសត្រូវ​រាប់​រងចិញ្ចឹមកូនចៅចំនួន៤នាក់​ថែម​ទៀត​។

ក្នុងឱកាស​នោះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា​ខេត្ត​កំពង់ធំ​ បាន​ពាំនាំ​នូវ​អំណោយ​របស់​សម្ដេច​តេជោ​ ហ៊ុន សែន​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ តាម​រយៈលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ អគ្គ​លេខាធិការ​រង​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ផ្ដល់​ជូន​គាត់​នូវ​អង្ករ​ចំនួន ​៥០​គីឡូ​ក្រាម មីយើង ២កេះ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ ២​យួរ​ និង​ថវិកា​ចំនួន​ ១០០,០០០​រៀល​។

សូម​បញ្ជាក់​ថា​ នៅ​ក្នុង​ខែ​មីនា​ ឆ្នាំ​២០១៧​កន្លង​មក​ ​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ​ ក៏បាន​សាងសង់​ផ្ទះ​មួយ​ខ្នង ​ទំហំ​៤ម៉ែត្រ​x​៦ម៉ែត្រ​ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃកម្ពុជា ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ សម្រាប់​ផ្ដល់​ជូន​គាត់​ និង​ក្រុម​គ្រួសារ​ស្នាក់នៅ​រួច​ហើយ​៕