(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានថ្លែងថា សមិទ្ធផលជាច្រើនដែលកងទ័ពសម្រេចបាន គឺមានច្រើនណាស់រួមមាន ការថែរក្សាសុខសន្តិភាព សណ្ដាប់ធ្នាប់សង្គម សន្តិសុខសាធារណៈ កំណែទម្រង់កងទ័ពទាំងបរិមាណ និងគុណភាព ការងារហ្វឹកហ្វឺន ការងារសង្គម ពង្រឹងសម្ព័ន្ធមេត្រីភាព ជាមួយនឹងវិស័យស៊ីវិល (ឯកជន) ការសហប្រតិបត្តិការល្អជាមួយប្រទេសនៅក្នុងតំបន់ និងអន្តរជាតិ មានការឯកភាពសាមគ្គីភាពផ្ទៃក្នុង។
ការថ្លែងរបស់នាយឧត្តមសេនីយ៍ មាស សុភា ត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្ទេរភារកិច្ចមេបញ្ជាការកងទ័ពជើងគោក នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។
នាយឧត្តមសេនីយ៍ មាស សុភា បានគូសបញ្ជាក់ដោយមោទនភាព ដែលបានចូលបម្រើកងទ័ពក្នុងរយៈពេល៥០ឆ្នាំនេះ ដែលបានចែករំលែកបទពិសោធន៍ និងទទួលបានលទ្ធផល នៃការដឹកនាំកងទ័ពក្នុងការការពារបូរណភាពទឹកដី និងស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានផ្ដាំផ្ញើ និងណែនាំឲ្យបន្តអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងចូលរួមការពារ សុខសន្តិភាព សមិទ្ធផលជាច្រើន ដែលសម្រេចបានបន្តគោរពច្បាប់ ការពាររដ្ឋធម្មនុញ្ញ រដ្ឋាភិបាលស្របច្បាប់ និងបន្តអភិវឌ្ឍអង្គភាពឲ្យបានរីកចម្រើន។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍អតីតមេបញ្ជាការកងទ័ពជើងគោក ក៏បានសម្ដែងនូវការអបអរសាទរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលព្រះមហាក្សត្រ បានត្រាស់បង្គាប់តែងតាំងមុខងារជាមេបញ្ជាការកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន ហើយការផ្ទេរភារកិច្ច គឺយោងតាមច្បាប់ដែលបានកំណត់ និងសំណូមពរភារកិច្ចជាក់ស្តែង ក្នុងផែនការកំណែទម្រង់កងទ័ព ដើម្បីផ្ដល់ឱកាសឲ្យអ្នកជំនាន់ក្រោយបន្តវេន៕