(ក្រចេះ)៖ កាលណានិយាយពីកាងារសង្គម យើងច្បាស់ជាស្គាល់ភ្លាមថា ការងារនោះភាគច្រើនជាការងារមនុស្សធម៌។ ការងារសង្គម អ្នកដែលបង្កើតបានចំណាយពេលវេលា និងធនធានផ្ទាល់ខ្លួន ហើយពួកគេមិនដែលចង់បានប្រយោជន៍ អ្វីមកវិញក្រៅពីការចង់បាន ភាពសាមគ្គី និងការចូលរួមជួយលើកស្ទួយសង្គមជាតិឡើយ។

រាល់ថ្ងៃនេះយើងឃើញថា ការងារនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ព្រះសង្ឃ ដែលជាអ្នកប្រតិបត្តិធម៌ព្រះពុទ្ធសាសនា ជាពិសេសនិស្សិត ដែលកំពុងសិក្សាតាមសាកលវិទ្យាល័យ។ ពួកគេយល់ ការងារសង្គមនេះ ធ្វើឲ្យពួកគេអាចចូលរួមជួយសង្គមបាន និងស្វែងយល់កាន់តែច្បាស់ពីសង្គម ក្នុងនាមពួកគេជាប្រជាជនមួយរូបក្នុងប្រទេសនោះ។

ជាក់ស្តែង កាលពីថ្មីៗនេះ ក្រុមព្រះសង្ឃ និងនិស្សិតជាច្រើន បានលះបង់ពេលវេលាដើម្បីស្វែងរកជំនួយពីសប្បុរសជន ដើម្បីចុះទៅជួយ ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់ នៅឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ មិនតែប៉ុណ្ណោះ ក្រុមការងារមនុស្សធម៌នេះ បានទាំងលះបង់ធនធាននិងពេលវេលា ផ្ទាល់ខ្លួនចំនួន២ថ្ងៃ ទៅសម្រាកលើសាលាឆាន់ ដែលកំពុងតែ វាយប្រហារ ដោយសារទឹកជំនន់។

ព្រះតេជគុណ វណ្ណថង បានមានសង្ឃដីកា​ថា បានជាព្រះអង្គចូលចិត្តការងារនេះ ព្រោះវាធ្វើឲ្យមនុស្សស្គាល់នៅសង្គមខាងក្រៅ ស្គាល់ពីជីវភាពរស់នៅរបស់ប្រពលរដ្ឋនៅតំបន់ក្រខ្សត់ បង្កើត​វប្បធម៌​ចែករំលែក​។ ជាពិសេស ការងារនេះនឹងធ្វើឲ្យយុវជន ជំនាន់ក្រោយ បានយកគម្រូតាម និងចេះជួយទុក្ខធុរៈគ្នាក្នុងគ្រាក្រ។

ព្រះតេជគុណ បានបន្តថា ព្រះអង្គមានបំណងឲ្យប្រជាពលរដ្ឋ ឬប្អូនៗសិស្សានុសិស្ស ក្លាយជាពលរដ្ឋល្អ សិស្សល្អ ដើម្បីអភិវឌ្ឍសង្គមជាតិយើង។ ព្រះតេជគុណគិតថា ទោះបីយើងអ្នកក្រខ្សត់យ៉ាងណា តែយើងនៅតែចង់ជួយអ្នក ដែលក្រជាងយើងទៅទៀត។

ជាមួយគ្នានេះ កញ្ញា ស្រីម៉ី បានថ្លែងថា នាងចង់ស្វែងយល់ពីសង្គមឲ្យបានច្រើន ចង់ដឹងពីស្ថានភាព និងការរស់នៅប្រចាំថ្ងៃ ក្នុងពេលបច្ចុប្បន្ន។ បើតាមកញ្ញា ដែលមានសកម្មភាពយ៉ាងសកម្មរូបនេះ បើនាងមិនចូលរួម គឺអត់ដឹងពីសុខទុក្ខរបស់ប្រជាជនទេ។

ជាមួយគ្នានេះដែរ លោក លីហ៊ាង បានថ្លែងឲ្យដឹងដែរថា ក្រុមនិស្សិតពិតជាចង់ខ្លាំងណាស់ ការចូលរួមអភិវឌ្ឍន៍សង្គមយើងមួយនេះ ឲ្យកាន់តែប្រសើរឡើង ដូច្នេះហើយសកម្មភាពនេះ សបញ្ជាក់ឲ្យឃើញថា យុវជនមិននៅស្ងៀម ឬមិនអើពើចំពោះសង្គមនោះទេ។ លោកបន្តថា ការលះបង់ ភាពស្មោះត្រង់ និងការសង្រោះ គឺជាភាពចាំបាច់បំផុតដែលត្រូវចូលរួមទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសហគមន៍ ទាំងអស់គ្នាដើម្បីការអប់រំ។

ព្រះតេជគុណ ម៉េង ទៀង បានមានសង្ឃដីកាថា ព្រះពុទ្ធសាសនា ជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួម យ៉ាងសកម្មក្នុងជីវភាព និងការដោះស្រាយបញ្ហាប្រជាជនប្រចាំថ្ងៃ។ ក្រៅពីសកម្មភាពមនុស្សធម៌ ព្រះសង្ឃជាច្រើនអង្គ កំពុងធ្វើការបញ្ជ្រាបចំណេះដឹង សីលធម៌ ចរិយាធម៌ ដល់សិស្សានុសិស្ស ការអប់រំតាមបែបព្រះពុទ្ធសាសនា ដើម្បីសុខសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីឲ្យពួកគេបានយល់កាន់តែច្បាស់ពីតម្លៃរបស់ជាតិខ្មែរ ក៏ដូចជាខិតខំគោរពប្រតិបត្តិមាតាបិតាខ្លួនផងដែរ។

ព្រះអង្គបន្តថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ព្រះអង្គនឹងមានកម្មវិធីចុះបង្រៀន និងអប់រំកុមារជាង១០០០នាក់ នៅឃុំមេសប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។ ព្រះសង្ឃបានថ្លែងថា ការងារនេះកំពុងខ្វះខាតសម្ភារយ៉ាងខ្លាំង តែក្រុមការងារ​បានសន្យាជាមួយគ្រូៗហើយថាត្រូវតែធ្វើ ហេតុនេះព្រះអង្គបានអំពាវនាវដល់សប្បុរសជន មេត្តាជួយឧបត្ថម្ភកម្មវិធីមួយនេះផងចុះ។

សូមជម្រាបថា កម្មវិធីសប្បុរសធម៌នៅខេត្តព្រៃវែង ប្រសិនបើសប្បុរសជនចង់ឧបត្ថម្ភ សូមទំនាក់ទំនងព្រះតេជគុណ ម៉េង ទៀង តាមរយៈលេខ៖ 010 94 66 00 ។ កម្មវិធីនេះ កំពុងត្រូវការសម្ភារដូចជា៖ សរសេរ២០០ទំព័រ សរុប២៨០០ក្បាល,
ប៊ិចខៀវសរុប១៩៦៥ដើម, ប៊ចក្រហម៤៤៦ដើម, ខ្មៅដៃសរុប១២៥០ដើម, ប្រដាប់ខួងខ្មៅដៃសរុប៦២៥ដុំ, បន្ទាត់សរុប១០៧១ដើម, កាតាប៦៥០, នំប៉័ង៨០០ដើម, ទឹកសុទ្ធ៦០កេស, កាដូគណៈអធិបតី៨នាក់, កាដូលោកគ្រូអ្នកគ្រូ២៨នាក់, និងសៀវភៅសម្រាប់តម្កល់ ក្នុងបណ្ណាល័យ​ជាច្រើនក្បាលផងដែរ៕