(ស្វាយរៀង)៖ លោកវេជ្ជបណ្ឌិត កែ រដ្ឋា ប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀង បានស្នើដល់គណៈកម្មការសេវាហិរញ្ញប្បទានថ្មី សូមខិតខំប្រឹងប្រែងផ្តល់សេវាហិរញ្ញប្បទាន និងមូលនិធិសមធម៌ ឱ្យប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសមធម៌ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត និងក្រៅខេត្តផងដែរ។
លោកបានលើកឡើងយ៉ាងដូចនេះនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមបើកកិច្ចប្រជុំសំណេះសំណាល ជាមួយបុគ្គលិកមន្ទីរពេទ្យខេត្តចំនួន១២៦នាក់ និងពិធីប្រកាសគណៈកម្មការសេវាហិរញ្ញប្បទានថ្មី នៅមន្ទីសុខាភិបាលខេត្តស្វាយរៀង។
លោកវេជ្ជបណ្ឌិត កែ រដ្ឋា បានបន្តថាបច្ចប្បន្ននេះ ដោយមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំតែងតែគិតគូពីសុខភាពរបស់ប្រជាពលរដ្ឋ ដោយចេញជួសការព្យាបាល ក្នុងការផ្តល់ជូននូវមូលនិធិសមធម៌ ដល់ប្រជាពលរដ្ឋក្រីក្រ និងមូលនិធិសុខាភិបាល ជូនដល់កម្មករក្រៅប្រព័ន្ធ កីឡាករ កីឡាការិនី មេឃុំចៅសង្កាត់ មេភូមិ ជំនួយការភូមិ ក្រុមដោះមីន...។ល។ ហើយនឹងមានបេឡាជាតិរបបសន្តិសុខសង្គម ផ្តល់ជូនដល់កម្មករក្នុងប្រព័ន្ធ និងមន្ត្រីរាជការផងដែរ អាស្រ័យហេតុនេះមន្ទីរពេទ្យទទួលបានអតិថិជនកាន់តែច្រើន ចំណូលហិរញ្ញប្បទានក៏បានកាន់តែច្រើន បុគ្គលិកនឹងទទួលបានប្រាក់ឧបត្ថម្ភហិរញ្ញប្បទានកាន់ខ្ពស់។
លោកប្រធានមន្ទីរ ក៏បានណែនាំថ្នាក់ដឹកនាំមន្ទីរពេទ្យ និងគណៈកម្មការសេវាហិរញ្ញប្បទានថ្មីថា ដំណើរការហិរញ្ញប្បទាន ដើម្បីសម្រេចបានជោគជ័យ ត្រូវមានការដឹកនាំគ្រប់គ្រងល្អ អនុវត្តឱ្យបានត្រឹមត្រូវតាមតួនាទីភារកិច្ច គោរពឱ្យបានខ្ជាប់ខ្ជួនក្រមសីលធម៌វិជ្ជាជីវៈ វិន័យការងារ មានការផ្លាស់ប្ដូរឥរិយាបថ អភិវឌ្ឍន៍បច្ចេកវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីពង្រឹងសមត្ថភាព គុណភាពសេវាឱ្យកាន់តែប្រសើរឡើង។ លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែលើកទឹកចិត្ត ជម្រុញឱ្យមានការប្រលងប្រណាំងអង្គភាព អង្គភាពគំរូក្នុងវិស័យសុខាភិបាល និងអប់រំ ដូច្នេះមន្ទីរពេទ្យទាំងអស់ក្នុងខេត្តត្រូវចូលរួមប្រលងប្រណាំង អង្គភាពគំរូក្នុងវិស័យសុខាភិបាលក្នុងខេត្ត និងចូលរួមប្រកួតប្រជែងនៅថ្នាក់ជាតិថែមទៀត។
លោកប្រធានមន្ទីរបានបន្ថែមទៀតថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តអង្គការ Cambodia Vision នឹងមកព្យាបាលវះកាត់ភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យខេត្ត ចាប់ពីថ្ងៃទី២៤ ដល់២៩ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ និងសូមជូនដំណឹងជាសាធារណៈដល់ប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង សូមអញ្ជើញមកទទួលយកសេវាព្យាបាលវះកាត់ភ្នែកនៅមន្ទីរពេទ្យខេត្តស្វាយរៀង។ អ្នកវះកាត់ និងទទួលនូវសោហ៊ុយធ្វើដំណើរ២០០០០រៀលទៅផ្ទះវិញ និងអាហារ២ពេលផងដែរ៕