(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានស្នើឲ្យធនាគារអភិវឌ្ឍអាស៊ី ពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយ លើការងារបច្ចេកទេស ការអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រង និងការប្រើប្រាស់ទឹកឲ្យមានប្រសិទ្ធភាព ការចងក្រង និងអនុវត្តច្បាប់ពាក់ព័ន្ធវិស័យកសិកម្ម ស្របតាមនិន្នាការរីកចម្រើន នៃសេដ្ឋកិច្ចជាតិ និងកំណើនប្រជាជន។
ការស្នើបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក វេង សាខុន អនុញ្ញាតឲ្យលោក Mahbub Ahmed នាយកប្រតិបត្តិធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រចាំប្រទេស Afghanistan, Bangladesh, Bhutan, India, Lao PDR, Tajikistan, and Turkmenistan ចូលជួបសម្តែងការគួរសម និងស្វែងយល់ពីកិច្ចការប្រតិបត្តិ គម្រោងរបស់ ADB នៅកម្ពុជា នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង។
ថ្លែងក្នុងឱកាសនោះ លោក Mahbub Ahmed បានកោតសរសើរ ចំពោះការវិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលសម្រេចបាននាឆ្នាំកន្លងមក ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក Mahbub Ahmed ក៏បានជម្រាបជូនលោករដ្ឋមន្រ្តីពីគោលបំណង នៃជំនួបនាថ្ងៃនេះ គឺទី១៖ ពិនិត្យ និងវាយតម្លៃលទ្ធផលគម្រោងរបស់ ADB ដែលបានអនុវត្តកន្លងមក, ទី២៖ សិក្សាពីការរីកចម្រើន និងកំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា។
យោងលើទិដ្ឋភាពជាក់ស្តែង លោកបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននេះ ដែលបានរួមចំណែកលើកកម្ពស់ជីវភាព ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ បានយ៉ាងល្អប្រសើរ។ ទាក់ទងនិងវិស័យកសិកម្ម លោកបានចាប់អារម្មណ៍ និងកោតសរសើរចំពោះការរីកចម្រើន ដែលជាចលករមួយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ដោយឡែកវិស័យនេះ នៅមានបញ្ហាប្រឈមមួយចំនួន ក្នុងនោះ គឺការខ្វះខាតលើវិស័យកែច្នៃ ខ្ចប់ផលិតផលកសិកម្ម ដែលទាមទារឲ្យមានការវិនិយោគ និងយកចិត្តទុកដាក់លើការអនុវត្តបច្ចេកទេស សមស្របបន្ថែមទៀត ស្របតាមស្តង់ដារទីផ្សារនាំចេញ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Mahbub Ahmed។
នាឱកាសនោះ លោករដ្ឋមន្រ្តី ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះធនាគារអភិវឌ្ឍអាស៊ី ដែលកន្លងមកបានជួយគាំទ្រ យ៉ាងពេញ ទំហឹង ក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសបានជួយឧបត្ថម្ភទាំងបច្ចេកទេស និងថវិកាដើម្បីអនុវត្តគម្រោងនានា ដែលពាក់ព័ន្ធវិស័យកសិកម្មតាំងពីឆ្នាំ១៩៩២ ដែលមានទឹកប្រាក់សរុប ចំនួនជាង៤៥០លានដុល្លារ។
លោក វេង សាខុន បានបញ្ជាក់ថា ស្តែងចេញពីលទ្ធផលគម្រោងទាំងនោះ ធ្វើឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់ រួមទាំងវិស័យកសិកម្មផងដែរ។ តាមរយៈលោក Mahbub Ahmed លោករដ្ឋមន្រ្តី សង្ឃឹមនិងជឿជាក់ថា ធនាគារអភិវឌ្ឍអាស៊ី នឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសឲ្យមាន ការរីកចម្រើនបន្ថែមទៀត ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។
ចំពោះចំណុចដែលបានលើកឡើង ដោយលោក Mahbub Ahmed អំពីវិស័យកែច្នៃផលិតផល លោករដ្ឋមន្រ្តីបានឯកភាព ហើយបានបញ្ជាក់ជូនវិញថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត និងគោលនយោបាយអភិវឌ្ឍ លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាអាទិ៍៖ ផ្លូវគមនាគមន៍, កំពង់ផែរទឹងជ្រៅ, ព្រលានយន្តហោះ ការផ្តត់ផ្គង់អគ្គិសនី ក្នុងតម្លៃសមរម្យ និងការគាំទ្រដល់វិស័យ SME ផងដែរ។
ដោយឡែក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងជំរុញការអភិវឌ្ឍធនធានមនុស្ស ការធ្វើពិពិធកម្មកសិកម្ម និងយន្តូបនីយកម្មកសិកម្ម ដើម្បីជួយជំរុញវិស័យកែច្នៃ ឲ្យមានការរីកចម្រើនទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។
ជាមួយគ្នានោះ រដ្ឋមន្ដ្រីក្រសួងកសិកម្ម បានស្នើឲ្យធនាគារអភិវឌ្ឍអាស៊ី ពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយលើការងារបច្ចេកទេស ការអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រង និងការប្រើប្រាស់ទឹក ឲ្យមានប្រសិទ្ធភាព ការចងក្រងនិងអនុវត្តច្បាប់ពាក់ព័ន្ធ វិស័យកសិកម្មស្របតាមនិន្នាការ រីកចម្រើននៃសេដ្ឋកិច្ចជាតិ និងកំណើនប្រជាជន។
ចំពោះសំណើរបស់ លោករដ្ឋមន្រ្តី, លោក Mahbub Ahmed បានទទួលយកទៅពិនិត្យ ពិចារណា ហើយបានសន្យាថា នឹងខិតខំឲ្យអស់លទ្ធភាពលើការងារអភិវឌ្ឍធនធានមនុស្ស និងការរៀបចំចងក្រងច្បាប់នានា ដែលពាក់ព័ន្ធវិស័យកសិកម្ម៕