(កំពង់ធំ)៖ ពិតជារឿងមួយដ៏គួរឱ្យសោកស្តាយជាទីបំផុត សម្រាប់មាតាបិតា ដែលបានស្រលាញ់កូនខ្លាំងពេក បានបណ្តោយឱ្យកូនមានអាយុមិនទាន់បាន១០ឆ្នាំផងនោះ បើកបរម៉ូតូតាមដងផ្លូវ ដោយហេតុតែខ្លួននៅក្មេងមិនទាន់យល់ច្បាស់ ពីរបៀបក្នុងការធ្វើដំណើរតាមដងផ្លូវនោះ បានបើកម៉ូតូបត់ឆ្លងផ្លូវ ដោយមិនបានប្រុងប្រយ័ត្ន ត្រូវបានរថយន្តបុកពេញទំហឹង បណ្តាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម គួរឱ្យសោកស្តាយជាទីបំផុត។
ហេតុការណ៍គួរឱ្យសោកស្តាយមួយនេះ បានកើតឡើងនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៨៨-១៨៩ នៅភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូបើកបរបត់ឆ្វេង ក្នុងទិសដៅស្របគ្នានោះ បណ្តាលឱ្យស្លាប់ក្មេងប្រុស២នាក់ នៅនឹងកន្លែងកើតហេតុនោះ ម្ចាស់រថយន្ដ ឈ្មោះ ផន ថេប ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិបាងកក សង្កាត់បាងកក ក្រុងថេប ប្រទេសថៃ បានបើករថយន្តម៉ាកISUZU ពណ៌ស ផ្លាកលេខភ្នំពេញ2AV.7563 (បើកបរផ្លូវត្រង់ទិសដៅពីកើតទៅលិច) អ្នករួមដំណើរជាមួយចំនួន២នាក់ ទី១៖ ឈ្មោះ ឆាន ណាកាន ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិ សង្កាត់ ជាមួយអ្នកបើកបររថយន្ត ទី២៖ ឈ្មោះ ម៉ុន ឈន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិធ្នុង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
ចំណែកក្មេងបើកម៉ូតូ ឈ្មោះ ចាន់ យុត្តិការ ភេទប្រុស អាយុ៩ឆ្នាំ និងក្មេងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ធួក ឌុល ភេទប្រុស អាយុ៧ឆ្នាំ រស់នៅភូមិត្រាំខ្លា ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាមួយគ្នា បានស្លាប់នៅកន្លែងកើតហេតុទាំង២នាក់ (មិនពាក់មួកសុវត្ថិភាព)។ មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូ បើកបត់ឆ្វេងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបររថយន្តមានល្បឿនលឿន បង្កឱ្យគ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ ប្រគល់សាកសពឱ្យក្រុមគ្រួសារ និងបញ្ចូនជនបង្ក ទៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីសួរនាំ និងដោះស្រាយតាមនិតិវិធីច្បាប់៕