(ភ្នំពេញ)៖ លោក ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូចូលរួមសម្តែងនូវការសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ស្ថាបនិក មន្ទីរពេទ្យកុមារគន្ធបុប្ផាកម្ពុជា លោក Beat Richner នៅមន្ទីរពេទ្យគន្ធបុប្ផា។
លោក ឈឹម សារ៉េត សូមចូលរួមរំលែកមរណទុក្ខដ៏សែនមហាក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារ ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យគន្ធបុប្ជា ដែលបានបាត់បង់លោកវេជ្ជបណ្ឌិត Beat Richner ជាទីគោរពស្រលាញ់ជារៀងរហូត។ សូមដួងវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត Beat Richner មេត្តាអញ្ជើញទៅកាន់សុគតិភពកុំបីអាក់ខានឡើយ។
ប្រតិភូរាជរដ្ឋាភិបាល បានគូសរំលេចថា ប្រជាជនកម្ពុជាចងចាំជានិច្ចនូវវីរភាពដ៏ឧត្តុង្គឧត្ដម និងគុណូបការៈដ៏ធំធេងគ្មានអ្វីប្រៀបផ្ទឹមបានរបស់ លោកវេជ្ជបណ្ឌិត Beat Richner ដែលបានមកបំពេញបេសកកម្មមនុស្សធម៌នៅកម្ពុជា ដោយបានលះបង់ទាំងថវិកាផ្ទាល់ខ្លួន កម្លាំងកាយចិត្ត និងពេលវេលាស្ទើរពេញមួយជីវិត ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់។
លោកវេជ្ជបណ្ឌិត Beat Richner បានលះបង់ពេលវេលា និងសេចក្ដីសុខផ្ទាល់ខ្លួនត្រាច់ចរស្ទើរគ្រប់ទីកន្លែង នៅលើពិភពលោកដើម្បីស្វែងរកថវិកា មកជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់ តែប្រជាជនកម្ពុជាជាង១៥លាននាក់ មិនអាចជួយសង្គ្រោះជីវិតតែមួយគត់របស់លោកបាន។
ក្នុងនាមប្រជាជនកម្ពុជាមួយរូប លោកពិតជាមានការសោកស្ដាយជាអនេក និងមានវិប្បដិសារីជាពន់ពេក ព្រមទាំងមានការអៀនខ្មាស់ខ្លាំងណាស់ ដោយមិនបានចូលរួមជួយអ្វីបន្តិចសោះ ក្នុងអំឡុងពេលដែលលោកវេជ្ជបណ្ឌិត Beat Richner ធ្លាក់ខ្លួនឈឺរហូតដល់បាត់បង់ជីវិត។ ទោះបីជារាង្គកាយរបស់ លោកវេជ្ជបណ្ឌិត Beat Richner បានលាចាកផុតពីភពផែនដីជារៀងរហូតទៅហើយក្ដី តែដួងព្រលឹង និងកេរ្តិ៍ឈ្មោះដ៏ឧត្តុង្គឧត្តមរបស់លោកវេជ្ជបណ្ឌិត នៅតែដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាជានិច្ច។
លោកគាំទ្រគំនិតផ្តួចផ្ដើមឲ្យមានការសាងសង់រូបសំណាកលោកវេជ្ជបណ្ឌិត Beat Richner នៅក្នុងទីធ្លានៃមន្ទីរពេទ្យគន្ធបុប្ផា និងត្រៀមចូលរួមបរិច្ចាគថវិកា សម្រាប់ការកសាងរូបសំណាកនេះ៕