(ភ្នំពេញ)៖ លោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានបង្ហាញពីភាពវិជ្ជមាន ក្នុងការរៀបចំវេទិកាស្ដីពី «សក្ដានុពលនៃកំណើន ប្រកបដោយចីរភាព» ដែលលោកបានលើកឡើងថា វេទិកានេះនឹងជំរុញ ការយល់ដឹងផ្នែក ការចុះបញ្ជីផ្សារមូលបត្រ រួមទាំងអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀត។
វេទិកានេះមានការចូលរួម ពីសំណាក់វាគ្មិនចំនួន៣រូបរួមមាន៖ លោក រស់ គឹមលាង អគ្គនាយករង នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, លោកស្រី ជ័យ សុគន្ធា នាយិកាទីផ្សារនៃកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ និងលោក សេង ចាន់ធឿន នាយកគ្រប់គ្រង នៃក្រុមហ៊ុនមូលបត្រអេស ប៊ី អាយ រ៉ូយ៉ាល់ ស៊ីឃ្យួរីធី ព្រមទាំងមានការផ្តល់កិត្តិយស សម្របសម្រួលក្នុងវេទិកាពិភាក្សា ពីសំណាក់លោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុន ផ្សារមូលបត្រកម្ពុជា។
លោក ហុង សុហួរ បានឲ្យដឹងថា «វេទិកានេះត្រូវបានរៀបចំឡើង ដើម្បីបង្កើនការយល់ដឹង និងទំនុកចិត្ត របស់សាធារណជន ក៏ដូចជាវិនិយោគិនដែលមានស្រាប់ អំពីក្រុមហ៊ុនដែលបានចុះបញ្ជីរួច តាមរយៈការជួបផ្ទាល់ ជាមួយក្រុមហ៊ុន និងការទទួលបាននូវព័ត៌មានថ្មីៗ ក៏ដូចជាការវិភាគដែលពាក់ព័ន្ធ»។
លោបបានបន្ដទៀតថា វេទិកាថ្ងៃនេះនឹងជួយបង្កើន ការចាប់អារម្មណ៍មកលើភាគហ៊ុន និងធ្វើឱ្យថ្លៃភាគហ៊ុន របស់ក្រុមហ៊ុនចុះបញ្ជី អាចឆ្លុះបញ្ចាំងអំពីស្ថានភាពពិតរបស់អាជីវកម្ម និងការផ្សព្វផ្សាយព័ត៌មាន ទាន់ហេតុការណ៍នានា ទាក់ទងនឹងអាជីវកម្ម។
លោកបានបញ្ជាក់ទៀតថា វេទិកានេះនឹងអនុញ្ញាតឲ្យសាធារណជន ពិសេសវិនិយោគិន ក្នុងវិស័យមូលបត្រអាចជួបផ្ទាល់ជាមួយក្រុមហ៊ុនចុះបញ្ជី អាចស្ដាប់ការបកស្រាយ ក៏ដូចជាសួរនាំព័ត៌មានផ្ទាល់ ទៅកាន់ក្រុមហ៊ុនទាំងអស់នោះ។
លោកបន្ថែមថា «វេទិកានេះនឹងរំពឹងថា សាធារណជននឹងស្គាល់ច្បាស់ពីក្រុមហ៊ុន ចុះបញ្ជីបានច្រើនជាមុន អាចទុកចិត្តច្រើនជាងមុន និងយល់ដឹងព័ត៌មានលើផ្សារហ៊ុន ដែលសាធារណជនត្រូវដឹង មុននឹងវិនិយោគ»។
លោកស្រី ជ័យ សុគន្ធា ដែលតំណាងឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ បាបង្ហាញពីការអភិវឌ្ឍកន្លងមក និងគម្រោងអភិវឌ្ឍ រយៈពេលវែងរហូតដល់ឆ្នាំ២០២៣ ព្រមទាំងការធ្វើប្រតិបត្តិការប្រចាំថ្ងៃ របស់កំពង់ផែ រួមមានទីតាំងផ្ទុកទូរ (Container) និងទីតាំងចុះចតរបស់នាវាជាដើម។
លោកស្រី បានលើកឡើង ពីចំណែកទីផ្សារនៃការនាំចេញ នាំចូលតាមរយៈកំពង់ផែអន្តរជាតិចំណូលចំណាយ និងប្រាក់ចំណេញ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុទាំងមូល ជាពិសេសលោកស្រីបានបង្ហាញ ពីសក្តានុពលនៃការរីកចំរើនសំខាន់ៗនាថ្ងៃអនាគត នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ តាមរយៈកំណើនសេដ្ឋកិច្ច និងកត្តាអំណោយផលនៃភូមិសាស្ត្រ។
លោកស្រីបានបន្ថែមទៀតថា «កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបែងចែកភាគលាភប្រមាណ៨% នៃថ្លៃបោះផ្សាយ ហើយរំពឹងថា នឹងអាចបែងចែកភាគលាភ បានច្រើនជាងនេះទៀតនៅឆ្នាំក្រោយ»។
សូមបញ្ជាក់ថា វេទិកានេះនឹងត្រូវរៀបចំឡើង៥ដងក្នុង១ឆ្នាំ ដោយវេទិកាប្រចាំត្រីមាស នឹងត្រូវរៀបចំឡើង នៅអគារផ្សារមូលបត្រកម្ពុជា បន្ទាប់ពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស ត្រូវបានផ្សព្វផ្សាយជាសាធារណៈ៕