(ថៃ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស បានជម្រាបដល់បណ្តាអគ្គរាជទូតប្រទេសអារ៉ាប់ អំពីវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជាបច្ចុប្បន្នលើគ្រប់វិស័យ ដោយជំរុញឲ្យស្ថានទូតទាំងអស់ ផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ទៅកាន់ពាណិជ្ជករ និងអ្នកវិនិយោគតូច ធំរបស់ខ្លួនមកយកចិត្តទុកដាក់ ក្នុងការបណ្តាក់ទុននៅកម្ពុជា ជាប្រទេសដែលមានធនធានគ្រប់គ្រាន់ទាំងវត្ថុធាតុដើម កម្លាំងពលកម្ម និងលក្ខខណ្ឌអំណោយផល ផ្សេងៗទៀត។
បើតាមទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ កត្តាសុខសន្តិភាព ប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា ជាមូលហេតុចម្បង ដែលកម្ពុជាទទួលបានកំណើនទំហំវិនិយោគ និងកំណើនសេដ្ឋកិច្ច មិនក្រោម៧%ជារៀងរាល់ឆ្នាំ ហើយកម្ពុជាបានកំពុងស្វាគមន៍ក្រុមហ៊ុនវិនិយោគទាំងក្នុង និងក្រៅតំបន់ ដែលធានាបាននិរន្តរភាព និងការរីកចម្រើនដល់ក្រុមហ៊ុនដៃគូវវិនិយោគ។
លោកទេសរដ្ឋមន្រ្តី បានលើកឡើងបែបនេះ ក្នុងឱកាសទទួលជួប ជាមួយអគ្គរាជទូតអារ៉ាប់រួមអេមីរ៉េតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក លោក Saif Alshamisi ដែលមានការចូលរួមពីប្រតិភូធុរជនវិនិយោគខ្នាតធំរបស់អារ៉ាប់រួម រួមមាន ក្រុមហ៊ុនប្រេងឥន្ទនៈ អគ្គីសនី Mubadala Petroleum UAE និងនាយកប្រតិបត្តិអាកាសចរណ៍ Emirates Airlines ប្រចាំអាស៊ីអាគ្នេណ៍។
ជំនួបនេះធ្វើឡើងនៅរាត្រីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារ EL MEARAZ ក្រុងបាងកក ខណៈជំនួបជាមួយ តំណាងអគ្គរាជទូតម៉ារ៉ុកប្រចាំកម្ពុជា មន្រ្តីការទូតអារ៉ាប៊ីសាអូឌីត និងធុរជន នៅទីតាំងដដែលខាងលើនាព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៨ មុនគណៈប្រតិភូចេញដំណើរនិវត្តន៍។
គួរបញ្ជាក់ថា ក្នុងដំណើរអញ្ជើញដល់របស់គណៈប្រតិភូកម្ពុជា ទៅកាន់ទីក្រុងបាងកក កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ក៏ត្រូវបានអគ្គរាជទូតនៃកម្ពុជា ប្រចាំក្រុងបាងកក លោក ឡុង វិសាឡូ ជាមួយសហការី បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ផងដែរ៕