(ក្រចេះ)៖ កម្លាំងអាវុធហត្ថស្រុកស្នួល ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្ត ដឹកនាំដោយលោក ម៉ៅ សុផុន មេបញ្ជាការរងអាវុធហត្ថស្រុកស្នួល សម្របសម្រួលដោយលោក ធុច បច្ចះសន្តិភាព ព្រះរាជអាជ្ញារងបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងវត្ថុតាងមួយចំនួន។

ប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិជីវ៉ាត់ ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ។

យោងតាមរបាយការណ៍អាវុធហត្ថ ស្រុកស្នួលបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ពុធ សុខណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់ភូមិ ឃុំខាងលើ។
ហើយនៅក្នុងប្រតិបត្តិការណ៍នោះដែរ បានដកហូតវត្ថុតាងរួមមាន៖ ម៉ាទឹកកកចំនួន៨កញ្ចប់ ម៉ូតូ១គ្រឿង ម៉ាកសេ១២៥ អាវុធខ្យល់កែច្នៃ១ដើម ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១ និងសម្ភារៈសំរាប់ច្រកគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ច នាំយកទៅរក្សាទុកបណ្ដោះអាសន្ន នៅមូលដ្ឋានអាវុធហត្ថស្រុកស្នួល និងកំពុងកសាងសំណុំរឿងបញ្ជូនទៅអាវុធហត្ថខេត្តចាត់ការបន្ដ៕