(ភ្នំពេញ)៖ សណ្ដាប់ធ្នាប់ នៃការលក់ដូររបស់បងប្អូនអាជីវករ នៅលើកំណាត់ផ្លូវមួយចំនួន ជុំវិញផ្សារដើមគរ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន និងក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ឃើញថា មានលក្ខណៈល្អប្រសើរហើយ ពោលគឺក្រោយពីអាជ្ញាធររាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យកាលពីប៉ុន្មានថ្ងៃមុននេះ។
ការបង្កើតឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរនេះ គឺមិនអាចផ្តាច់បានពីការចូលរួមពីបងប្អូនប្រជាពលរដ្ឋ និងអាជីវករបានឡើយ។
លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ខណៈដែលលោកដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពជាក់ស្ដែង២ថ្ងៃ នៅជុំវិញបរិវេនផ្សារដើមគរ ខណ្ឌទួលគោក និងខណ្ឌចំការមន នៅថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ស្ថានភាពសណ្ដាប់ធ្នាប់លក់ដូរលើកំណាត់ផ្លូវព្រះមុនីរ៉េត ផ្លូវលេខ៣៣៦ ផ្លូវលេខ២៣១ ផ្លូវលេខ២៣៩ និងផ្លូវលេខ២៣៤ នៅវេលាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ ឃើញថា មានលក្ខណៈល្អប្រសើរច្រើន ដោយសារបងប្អូនប្រជាពលរដ្ឋ និងបងប្អូនអាជីវករមានកិច្ចសហការល្អជាមួយកម្លាំងរបស់យើង។
លោក មាន ចាន់យ៉ាដា ក្នុងឱកាសនោះ បានសូមបងប្អូនប្រជាពលរដ្ឋ និងអាជីវករបន្តសហការជាមួយអាជ្ញាធរ ដើម្បីសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋទូទៅ បានធ្វើដំណើរដោយរលូន។
គួរបញ្ជាក់ថា លោក មាន ចាន់យ៉ាដា បានបញ្ជាក់ហើយថា ការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ នៃការលក់ដូរជុំវិញផ្សារទាំង២នេះ គឺធ្វើឡើងតបនឹងការទទូចសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ និងការណែនាំជាគោលការណ៍យ៉ាងម៉ឺងម៉ាត់ ពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយធ្វើយ៉ាងណា រៀបចំទីតាំងខាងលើឱ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរឡើងវិញ៕