(ភ្នំពេញ)៖ បើទោះបីចាកចេញពីតំណែងជា ​ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ​​បានសន្សល់ទុកលុយជាង១០០០លានរៀល ក្រោយខិតខំសន្សំរយៈពេលជិត៦ឆ្នាំ ឲ្យទៅស្នងការនគរបាលរាជធានីភ្នំពេញថ្មី គឺលោកឧត្តមសេនីយ៍ឯក ស ថេត ដើម្បីត្រៀមបម្រុងផ្គត់ផ្គង់កងកម្លាំង នៅពេលមានហេតុការណ៍ចាំបាច់កើតឡើង។

ក្រៅពីការបន្សល់ទុកនូវថវិកាហើយនោះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដែលត្រូវទៅកាន់តំណែងជា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានឋានៈស្មើ រដ្ឋមន្ដ្រី ក៏បានបន្សល់ប្រេងសាំង ចំនួន៤១,០០០លីត, ប្រេងម៉ាស៊ូត ចំនួន៥,០៨៩លីត និងប្រេងម៉ាស៊ីន ចំនួន១,៧៩៥លីត ព្រមទាំងសម្ភារ មធ្យោបាយជាប្រើប្រាស់ក្នុងបេសកកម្ម រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ជាច្រើនផងដែរ។

ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មី នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដែលទទួលបានការស្ញប់ស្ញែង ក្នុងការបំពេញបេសកកម្ម រយៈពេលជិត៦ឆ្នាំនេះ ក៏បានឲ្យដឹងផងដែរថា កាលពីក្នុងតំណែងជាស្នងការរាជធានីភ្នំពេញ លោកបានទិញរថយន្ដ សម្រាប់ដឹកកងកម្លាំង ចំនួន៧២គ្រឿង និងម៉ូតូប្រដេញ ចំនួន៥៨គ្រឿង និងម៉ូតូសារ៉ែន ចំនួន៥០គ្រឿង។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានគូសបញ្ជាក់ថា ថវិកាទាំងអស់នេះ គឺបានមកពីការខិតខំសន្សំរបស់គណៈស្នងការ ដើម្បីទុកត្រៀមបម្រុង នៅពេលមានសភាពការណ៍ សម្រាប់ផ្គត់ផ្គង់ជូនកងកម្លាំង បង្ការ ទប់ស្កាត់បាតុកម្ម។

សូមរំលឹកថា ​នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ត្រូវបានឡើងកាន់តំណែងជាស្នងការនគរបាលរាជធានី​ភ្នំពេញ នៅអំឡុងឆ្នាំ២០១២ ជំនួសតំណែងលោកឧត្តមសេនីយ៍ ទូច ណារ៉ុថ ដែលត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ និងបន្ទាប់មកត្រូវតម្លើងជាអគ្គស្នងការរងនគរបាលជាតិ។

ជាការកត់សម្គាល់ ក្នុងរយៈពេល នៃការកាន់តំណែងប្រមាណ៦ឆ្នាំ របស់នាយឧត្តមសេនយ៍ ជួន សុវណ្ណ, លោកមានស្នាដៃជាច្រើនលើកិច្ចការរក្សាសន្តិសុខ សុវត្ថិភា ​និងសណ្តាប់ធ្នាប់សាធារណៈ តាមមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសផ្សេងៗ ក៏ដូចជា​ការទប់ស្កាត់បាតុកម្ម កុប្បកម្ម និងកូដកម្មពីសំណាក់ការប្រឆាំងតវ៉ាពីក្រុមប្រឆាំង និងអង្គការសង្គមស៊ីវិលផ្សេងៗ ដែលមានចរិកបំផ្លាញរបៀបរៀបរយនៅក្នុងរាជធានីភ្នំពេញ។

ជាពិសេសនោះ កងកម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ត្រូវបានគេមើលឃើញថា មានភារកិច្ចដ៏សំខាន់លើការទប់ស្កាត់ចលនាប្រឆាំង ដង្ហែក្បួនរបស់អតីត គណបក្សសង្គ្រោះជាតិ ក្រោយការបោះឆ្នោតនៅឆ្នាំ២០១៣កន្លងទៅ ដែលនោះបានធ្វើឲ្យបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈមានការព្រួយបារម្ភយ៉ាងខ្លាំង បើគ្មានវត្តមានឈរជើង របស់កងកម្លាំងនគរបាលទេនោះ៕​