(ភ្នំពេញ)៖ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់អាហារូបករណ៍ចំនួន៥កន្លែង ដល់សិស្សឆ្នើមដែលប្រឡងជាប់បាក់ឌុប ប៉ុន្តែខ្វះលទ្ធភាពបង់ថ្លៃសិក្សា សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកល វិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AUPP នៅថ្ងៃពុធនេះ បានឱ្យដឹងថា អាហារូបករណ៍៥កន្លែងសម្រាប់ រយៈពេល៤ឆ្នាំពេញ នឹងផ្តល់ជូនលើជំនាញទំនាក់ទំនងអន្តរជាតិសម្រាប់ឆ្នាំសិក្សាថ្មី២០១៨-២០១៩។
AUPP ជាគ្រឹះស្ថានឧត្តមសិក្សាលំដាប់កំពូលមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលផ្តល់នូវការអប់រំប្រកបដោយគុណភាពខ្ពស់បំផុត។
AUPP មានកម្មវិធីសិក្សាយកសញ្ញាបត្រពីរ សញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀតចេញ ដោយសាកលវិទ្យាល័យអារីហ្សូណា (University of Arizona) ដែលមានការទទួលស្គាល់ជាសាកល។
ដើម្បីសម្រួលដល់ការទទួលព័ត៌មានជាក់លាក់ស្តីពីការផ្តល់អាហារូបករណ៍ខាងលើ សូមសិស្សដែលប្រឡងជាប់បាក់ឌុបទាំងអស់ មកទទួលព័ត៌មាននៅ AUPP ឬនៅការិយាល័យអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់អាសយដ្ឋាន៖ ផ្ទះលេខ០៤ ផ្លូវលេខ៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬទូរសព្ទលេខ៖ ០១៦ ៨២២ ៣២៣ / ០១២ ៧៦៥ ៦៨៦។