(ភ្នំពេញ)៖ ប្រជាការពារ និងប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះសរុបចំនួន២៥០គ្រួសារ មកពីតាមបណ្ដាភូមិនានា ក្នុងសង្កាត់ចំនួន៧ នៃខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានទទួលអំណោយមានជាមុងសុវត្ថិភាព រួមជាមួយអាវយឺត ដើម្បីពាក់ការពារសុវត្ថិភាពក្នុងគ្រួសារ ពីគណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកវេជ្ជបណ្ឌិត សុខ ឡុង នាយក នៃនាយកដ្ឋានសុខភាព នៃកាកបាទក្រហមកម្ពុជាតំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ លោកស្រី មុំ សណ្ដាប់អគ្គហរិរញ្ញិក នៃសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ លោក ស៊ូ សោគន្ធ អនុប្រធានអនុសាខា តំណាងអោយលោក ជា ពិសី ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ព្រមទាំងលោក-លោកស្រី ជាសហការីជាច្រើននាក់ទៀត។
លោកវេជ្ជបណ្ឌិត សុខ ឡុង បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះលោកយាយ លោកតា បងប្អូនទាំងអស់ដែលបានចូលរួមក្នុងពិធីខាងលើនេះ និងបានផ្តាំផ្ញើធ្វើយ៉ាងណា ត្រូវសម្រាកក្នុងមុងជានិច្ច ចៀសវាងកើតជំងឺគ្រុនចាញ់ គ្រុនឈាម ព្រោះរដូវវស្សាសម្បូរមូសដែកគោល និងមូសខ្លាដែលអាចបង្កទៅជាជំងឺគ្រុនចាញ់ និងគ្រុនឈាម ដូច្នេះបងប្អូនទាំងអស់ត្រូវហូបស្អាត ផឹកស្អាត និងមានអនាម័យល្អជានិច្ច។
លោកវេជ្ជបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកាកបាទក្រហមចិន ខេត្តក្វាងស៊ី ដែលបានប្រគល់មុងសុវត្ថិភាព ដល់សាខាកាកបាទក្រហមកម្ពុជា ដើម្បីយកមកផ្តល់ ជូនបងប្អូនប្រជាពលរដ្ឋជួបការខ្វះខាតនាពេលនេះ ហើយសាខាកាកបាទក្រហម និងបន្តយកអំណោយទាំងអស់នេះទៅ ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និង ដើម្បីឆ្លើយតបបានទាន់ពេលវេលា។
សូមជម្រាបថា ទី១-សម្រាប់សង្កាត់ស្វាយប៉ាក ប្រជាពលរដ្ឋទទួលបានមុងចំនួន៣០គ្រួសារ ទី២-សង្កាត់ច្រាំងចំរេះទី១ ប្រជាពលរដ្ឋទទួលបានមុងចំនួន៣០គ្រួសារ ទី៣-សង្កាត់ច្រាំងចំរេះទី២ ប្រជាពលរដ្ឋទទួលបានមុងចំនួន៣០គ្រួសារ ទី៤-សង្កាត់គីឡូម៉ែត្រលេខ៦ ប្រជាពលរដ្ឋទទួលបានមុងចំនួន៣០គ្រួសារ ទី៥-សង្កាត់ប្ញស្សីកែវ ប្រជាពលរដ្ឋទទួលបានមុងចំនួន៣០គ្រួសារ ទី៦-សង្កាត់ទួលសង្កែទី១ ប្រជាពលរដ្ឋទទួលបានមុងចំនួន៣០គ្រួសារ ទី៧-សង្កាត់ទួលសង្កែទី២ ប្រជាពលរដ្ឋទទួលបានមុងចំនួន៣០គ្រួសារ និងប្រជាការពារទទួលបានមុង ចំនួន៤០នាក់ផងដែរ៕