(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា តូរតន្ត្រី គឺជាចំណែកនៃការសាបព្រួស នូវវប្បធម៌សន្តិភាព ដើម្បីរួមចំណែករក្សាស្ថិរភាព និងការអភិវឌ្ឍសង្គម និងជាគោលសំខាន់មួយសម្រាប់ការអប់រំចិត្តមនុស្សគ្រប់គ្នា ឱ្យយល់អំពីតម្លៃនៃការរស់នៅពីការបាត់បង់ ពីភាពរងគ្រោះដោយសារវិនាសកម្មនានា ហើយតន្ត្រីមាននាទីជួយកសាង និងអប់រំចិត្តដល់មនុស្សគ្រប់រូប។

ការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ បានធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោកអញ្ជើញជាតំណាងលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក ហ៊ឹម សុភី ជាសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំកម្មវិធីបាឋកថាស្តីពី «ស្នាដៃតន្ត្រីបង្សុកូល អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត» នៅរាជបណ្ឌិត្យសភាកម្ពុជា។

លោក យង់ ពៅ បានបន្តថា ប្រធានបទដែលលើកឡើងមកនេះ បានបង្ហាញយ៉ាងច្បាស់ថា តួនាទី និងការរួមចំណែករបស់តូរតន្ត្រី «បង្សុកូល» គាស់កកាយពីតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ខ្មែរយើង ដែលត្រូវរងការខូចខាត និងការបាត់បង់នូវធនធានមនុស្សល្អៗ នៅក្នុងសម័យសង្គ្រាម ការអស់សង្ឃឹម ការបាត់បង់ជំនឿសាសនា នឹងជំរុញឱ្យមនុស្សហ៊ានប្រព្រឹត្ត នូវអំពើដែលនាំឱ្យប៉ះពាល់ដល់សុជីវធម៌ក្នុងការរស់នៅ និងសន្តិសុខសង្គម។

លោកបណ្ឌិត យ៉ង ពៅ បានបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពជា ក្រោមការដឹកនាំរបស់បណ្ឌិតសភាចារ្យ សុខ ទូច បានប្តេជ្ញាថា នឹងធ្វើកំណែទម្រង់ ជំរុញការអភិវឌ្ឍការសិក្សាស្រាវជ្រាវ និងការបង្កើតនូវស្នាដៃថ្មីៗ សម្រាប់ជាប្រយោជន៍ជាតិមាតុភូមិជាតិស្រឡាញ់ របស់យើងទាំងអស់គ្នា។ ជាក់ស្តែងការបង្ហាញស្នាដៃរបស់លោកបណ្ឌិត ហ៊ឹម សុភី នាពេលនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការបំពេញបេសកកម្មរបស់ខ្លួនស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាការចែករំលែក បទពិសោធន៍ និងចំណេះដឹងដ៏មានសារៈសំខាន់។

លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់បន្ថែមទៀតថា តែទោះជាយ៉ាងណា នៅតាមបណ្តាប្រទេសមួយចំនួន ក៏នៅមានជនមួយក្តាប់តូចបាន និងកំពុងប្រព្រឹត្តទង្វើញុះញង់បង្កអស្ថិរភាព ក្នុងសង្គមដោយមិនព្រមយកមេរៀនពីអតីតកាលមកធ្វើការពិចារណាសម្រាប់កសាងនូវអនាគតមួយដ៏ល្អ ដែលមានតែសន្តិភាព និងការអភិវឌ្ឍន៍។ កម្ពុជា បានឆ្លងកាត់វិនាសកម្មមកច្រើនណាស់មកហើយ ប្រជាពលរដ្ឋកម្ពុជា ក៏រងគ្រោះជាច្រើនដូចគ្នា ប្រវត្តិសាស្ត្របានចារទុកយ៉ាងច្បាស់ ដូច្នេះហើយយើងទាំងអស់គ្នា គប្បីរួមគ្នាកសាងនូវគ្រឹះសន្តិភាព ហើយនេះ គឺមិនមែនតែដើម្បីខ្លួនយើង នៅថ្ងៃនេះនោះទេ តែដើម្បីខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិយើងទាំងមូល នៅថ្ងៃអនាគត៕