(សៀមរាប)៖ ភ្នាក់ងារទេសចរណ៍ មានតួនាទីសំខាន់ក្នុងការផ្តល់នូវព័ត៌មានអំពីសេវាកម្មទេសចរណ៍ដល់ភ្ញៀវ មើលសកម្មភាពនានានៅក្នុងរមណីយដ្ឋានអង្គរ និងពន្យល់ណែនាំឱ្យភ្ញៀវគោរព តាមក្រមប្រតិបត្តិអង្គរ ជួយសង្គ្រោះភ្ញៀវ ជួយស្វែងរក និងប្រគល់របស់ជូនភ្ញៀវ ជាពិសេសដោះស្រាយនូវបញ្ហាផ្សេងៗ ដែលបានកើតឡើងចំពោះភ្ញៀវជាយថាហេតុ ក្នុងដំណើរទស្សនាតំបន់អង្គរ។

របាយការណ៍សកម្មភាពការងាររបស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរាប្រចាំខែសីហា ឆ្នាំ២០១៨ បង្ហាញថា ក្រុមការងារជួយសង្រោះភ្ញៀវទេសចរដែលរងរបួសដោយ រអិល ឬជំពប់ជើង ដួល គ្រិច ថ្លោះដៃ ជើង ខ្យល់គរ វិលមុខ ចុកពោះ សត្វស្វាខាំ និងពុលអាហារជាដើមបាន១៩ករណី។ បញ្ហាទាំងនេះកើតឡើងដោយសារភ្ញៀវខ្លះមានការធ្វេសប្រហែស និងមិនគោរពតាមការណែនាំ ឬស្លាកសញ្ញាហាមឃាត់ និងបញ្ហាសុខភាពផ្ទាល់ខ្លួន។

បញ្ហាទាំងនេះត្រូវបានភ្នាក់ងារទេសចរណ៍ ដែលមានជំនាញសង្រ្គោះបឋម និងមានបរិក្ខារសង្រ្គោះបឋមនៅជាប់ខ្លួនជួយសង្គ្រោះបឋមទាន់ពេលវេលានៅកន្លែងកើតហេតុ ក្នុងករណីស្រាលៗ និងសហការជាមួយនគរបាលទេសចរ និងនគរបាលការពារបេតិកភណ្ឌ បញ្ជូនទៅមន្ទីរពេទ្យក្នុងរកណីរបួសធ្ងន់ធ្ងរ។

ក្រុមភ្នាក់ងារទេសចរណ៍ក៏បានរើសរបស់របរភ្ញៀវដែលភ្លេច ឬជ្រុះនៅតាមប្រាសាទចំនួន ៣៤ករណី និងបានរកឃើញ ៣១ករណី រួមមាន៖ ទូរសព្ទដៃ អាយផេត កាបូបស្ពាយ កាបូបយួរដៃ កាបូបលុយ កាតវីសារ និងម៉ាស៊ីនថតជាដើម ហើយបានរកឃើញ និងប្រគល់ជូនម្ចាស់វិញ។ ឯរបស់ខ្លះទៀតដែលភ្ញៀវមិនបានមករកភ្លាមៗ ក្រុមការងារបានប្រគល់ឱ្យនគរបាលទេសចរណ៍រក្សាទុក រងចាំម្ចាស់ដើមមកទាក់ទងយក។

គួរបញ្ជាក់ថា សកម្មភាពទាំងអស់នេះទទួលបាននូវការថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងកក់ក្តៅពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបានបង្ហាញនូវក្តីស្រលាញ់ និងទំនុកចិត្តខ្ពស់មកលើភ្នាក់ងារទេសចរណ៍។

ក្រៅពីសកម្មភាពសង្គ្រោះ និងការរើស ប្រគល់វត្ថុដែលភ្ញៀវបាត់ ឬភ្លេច ក្រុមភ្នាក់ងារទេសចរណ៍ក៏បានហាមឃាត់ភ្ញៀវដែលប្រព្រឹត្តមិនសមរម្យបានចំនួន ៦២ករណី រួមមាន៖ ការបង្ហោះត្រូន (Drone) ការបន្ទោបង់ក្នុងបរិវេណប្រាសាទ ជនបរទេសថតរូបអាពាហ៍ពិពាហ៍ដោយគ្មានការអនុញ្ញាត ការថតរូបបញ្ចេញកាយវិការមិនសមរម្យ (ថតបង្ហាញម៉ូត ថតរូបភាពមិនសមរម្យ) ស្លៀកពាក់មិនសមរម្យ សម្តែងសៀកនៅក្នុងប្រាសាទ រៀបចំពិធីទទួលទានអាហារនៅក្នុងប្រាសាទ ប្រើប្រាស់ម៉ាស៊ីនថតខ្នាតធំ ធ្វើពិធីសាសនាដោយគ្នានការអនុញ្ញាត ថតរូបផ្សព្វផ្សាយពាណិជ្ជកម្ម និងគូរគំនូរលក្ខណៈទ្រង់ទ្រាយធំដោយមិនមានការអនុញ្ញាត។ល។

ក្រោយពីហាមឃាត់ ក្រុមភ្នាក់ងារទេសចរបានណែនាំតាមគោលការណ៍ដែលមានជាធរមាន និងពន្យល់ណែនាំដល់បុគ្គលទាំងនោះ ត្រូវដាក់សំណើសុំច្បាប់អនុញ្ញាតពីអាជ្ញាធរជាតិអប្សរាជាមុនសិន ក្នុងករណីណាមួយដែលត្រូវឆ្លងកាត់អាជ្ញាធរជាតិអប្សរា៕