(ភ្នំពេញ)៖ ត្រឹមតែ១ព្រឹកប៉ុណ្ណោះ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗចំនួន២ នៅប្រទេសចំនួន២ផ្សេងៗគ្នា នោះគឺនៅក្នុងប្រទេសចិន និងប្រទេសវៀតណាម។
សម្តេចតេជោ ហ៊ុន សែន រួមនឹងឧបនាយករដ្ឋមន្ត្រីចិន ក៏ដូចជាមេដឹកនាំប្រទេសសមាជិកអាស៊ានជាច្រើនរូបទៀត បានរួមគ្នាបើកពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នៅព្រឹកមិញនេះ។ ពិព័រណ៍នេះ ក៏មានការអញ្ជើញចូលរួមពីសហគ្រិន និងវិនិយោគិនរបស់ចិន និងអាស៊ានជាច្រើនរូបផងដែរ។
ក្នុងនាមជាប្រធានកិត្តិយសនៃការបើកពិព័រណ៍នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះបើកពិព័រណ៍ចិន-អាស៊ានលើកទី១៥ ដែលធ្វើឡើងក្រោមមូលបទ «រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សទី២១ និងនវានុវត្តសហគមន៍ចិន-អាស៊ាន» ផងដែរ។
បន្ទាប់ពីបញ្ចប់នូវការបើក និងចូលរួមទស្សនាពិព័រណ៍ចិន-អាស៊ាន នៅទីក្រុងណានីង សម្តេចតេជោ ហ៊ុន សែន
ក៏បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាមថែមទៀត។ វេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៧ ស្តីពីអាស៊ាន ធ្វើឡើងក្រោមប្រធានបទ «អាស៊ាន ៤.០: សហគ្រិនភាព និងបដិវត្តឧស្សាហកម្មលើកទី៤» ពីថ្ងៃទី១២ ដល់ ១៣ ខែកញ្ញា ឆ្នាំ២០១៨។
វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំនេះ នឹងជាឱកាសដ៏ល្អមួយទៀត សម្រាប់មេដឹកនាំរដ្ឋាភិបាល អង្គការអន្តរជាតិ និងសាជីវកម្មធំៗ ដើម្បីពិភាក្សាអំពីកាលានុវត្តភាព និងបញ្ហាប្រឈម ដែលបណ្តាលមកពីបដិវត្តឧស្សាហកម្មជំនាន់ទីបួន ដល់រដ្ឋាភិបាលអាស៊ាន និងអង្គភាពពាណិជ្ជកម្មនានា ព្រមទាំងរិះរកមធ្យោបាយដើម្បីប្រើប្រាស់នវានុវត្តន៍ និងការសហការរវាងរដ្ឋនិងឯកជន ដើម្បីទប់ទល់នឹងបញ្ហាប្រឈមទាំងនោះ។
ក្រៅពីកិច្ចប្រជុំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយលោក រ៉ានីល វីកក្រេមមេស៊ីង្ហ នាយករដ្ឋមន្ត្រីនៃប្រទេសស្រីលង្កា លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីនៃប្រទេសវៀតណាម លោក ថោងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុន និងទទួលការចូលជួបសម្តែងការគួរសមដោយសាស្ត្រាចារ្យ ក្លូស ស្វប់ ស្ថាបនិក និងជានាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក៕
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណាននីង
">
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៧ នៅទីក្រុងហាណូយ