(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានស្នើឲ្យប្រជាពលរដ្ឋទូទាំងខេត្ត បន្តរក្សាឲ្យបាននូវវប្បធម៌សាមគ្គីភាព រវាងគ្នានិងគ្នា បើទោះបីជាមានជំនឿសាសនា ខុសគ្នាក៏ដោយក្ដី។
ការស្នើយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល លោក គួច ចំរើន អញ្ជើញបើកអង្គសិក្ខាសាលា ស្តីពី កិច្ចពិភាក្សាអន្តរជំនឿ និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលមានសាសនិក សិក្ខាកាម ចូលរួមចំនួន ១៥០អង្គ/នាក់ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។
បើតាមលោក ស្រី សុភ័ក្ត្រ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បានឲ្យដឹងថា នៅលើពិភពលោក ដែលយើងកំពុងអាស្រ័យជាមួយនេះ នៅផ្នែកមួយចំនួន កំពុងមានសន្តិភាព តែក៏មានផ្នែកមួយចំនួនទៀត កំពុងប្រឈម នឹងបញ្ហាជាច្រើន ដែលកើតឡើងដោយសារ ជំនឿខុសៗគ្នានេះ។
ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម រូបនេះ បានបន្ថែមទៀតថា រហូតដល់បង្កជាសង្គ្រាមក៏មានដែរ ដែលទាំងអស់នេះ ក៏ដោយសារតែ ពុំមានការគ្រប់គ្រង ពុំមានការគោរពគ្នា ពុំមានការយោគយល់គ្នាទៅវិញ ទៅមកនោះឯង។
លោក ស្រី សុភ័ក្ត្រ បានបញ្ជាក់ថា ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា និយាយជារួម និងនិយាយដោយឡែក សម្រាប់ខេត្តកំពង់ចាម បើទោះជាប្រជាពលរដ្ឋមានជំនឿខុសៗគ្នា ទៅលើសាសនាចំនួន៤ គឺព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្តសាសនា ព្រះពុទ្ធសាសនាមហាយានក៏ដោយ ក៏យើងពុំមានជម្លោះកើតឡើង ដោយសារជំនឿផ្សេងៗគ្នានោះទេ។
ថ្លែងនៅក្នុងពិធីនោះ លោក គួច ចំរើន បានថ្លែងថា ការបើកសិក្ខាសាលានេះ គឺក្នុងគោលបំណង ពង្រឹងនូវសុខដុមរមនា នៃអន្តរជំនឿប្រកបដោយចីរភាព ហើយសិក្ខាសាលានេះ លោកសូមគាំទ្រទាំងស្រុង នូវការអនុវត្តសកម្មភាពនាពេលនេះ ដែលបញ្ជាក់ពីការចូលរួមទាំងអស់គ្នា ពីគ្រប់ភាគី ដើម្បីថែរក្សាសន្តិភាពក្នុងការចូលរួម អភិវឌ្ឍន៍ប្រទេសជាតិ។
លោកថា ក្នុងខេត្តកំពង់ចាម ពេលបច្ចុប្បន្ន ដែលមានប្រជាពលរដ្ឋជាច្រើនគ្រួសារ បានរងគ្រោះដោយសារទឹកជំនន់ ហើយជាមួយគ្នានេះ ខាងសហគមន៍សាសនា ក៏បានធ្វើជាអំណោយរបស់សប្បុរសជន ផ្តល់ជូនលោក ចុះចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ដោយមិនបានប្រកាន់ ការមានជំនឿខុសៗគ្នានោះទេ។
លោកអភិបាលខេត្ត ក៏បានសំណូមពរទៅលើសិក្ខាកាមទាំងអស់ ដែលចូលរួមធ្វើកិច្ចពិភាក្សា ក្នុងប្រធានបទដូចខាងលើ សូមយកវេទិកានេះ បន្តរក្សាឲ្យបាននូវវប្បធម៌សាមគ្គីភាព រវាងគ្នា និងគ្នា បើទោះបីមានជំនឿ សាសនាខុសៗគ្នាក៏ដោយ។
លោក គួច ចំរើន បន្ដថា ពិសេសបំផុត គឺសុំឲ្យថែរក្សា នូវពាក្យមួយឃ្លា គឺមហាគ្រួសារខ្មែរតែមួយ ដាក់នៅក្នុងប្រអប់បេះដូងទាំងអស់គ្នា ហើយពាក្យមហាគ្រួសារខ្មែរតែមួយ គឺអាចជួយយើងអាចឲ្យធ្វើការជុំគ្នា និយាយគ្នា យោគយល់គ្នា គោរពគ្នា ទៅវិញទៅមក ដោយគ្រួសាររបស់យើងមិនខានឡើយ៕