(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានី និងគណៈកម្មការផ្សារ បានបន្តចុះមកពិនិត្យគុណភាព សុវត្ថិភាពចំណីអាហារ នៅផ្សារសែនសុខ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីស្វែងរកសារធាតុគីមី ហាមឃាត់ក្នុងម្ហូបអាហារ និងទំនិញខូចគុណភាព ហួសកាល បរិច្ឆេទ កំណត់ប្រើប្រាស់ ដែលជាកង្វល់រួមរបស់អ្នកប្រើប្រាស់។
ក្នុងពេលត្រួតពិនិត្យនោះមន្រ្តីជំនាញកាំកុងត្រូល បានយកទំនិញជាម្ហូបអាហារ ចំនួន២០គំរូ ស្មើនឹង១៨មុខ រួមមាន ៖ គ្រឿងសមុទ្រ (ម៊ឹកក្លាសេ បង្គាក្លាសេ) ត្រីប្រាហើម ប្រហិតសាច់គោ គុយទាវសរសៃតូច មីលឿង បាញ់កាញ់ លត នំបញ្ចុក បង្អែមលតខៀវ បង្អែមបាញ់ឌុក សណ្តែកបណ្តុះ ខ្ញីហាន់រួច ស្លឹកគ្រៃហាន់រួច ទំពាំងជូរ សាច់ក្រក ប្រហុក និងតៅហ៊ូ ត្រូវបាន សាខាជ្រើសយកមកធ្វើវិភាគបឋម នៅនឹងកន្លែងដោយប្រើ Test kit។ ជាលទ្ធផលវិភាគ ទំនិញជាម្ហូបអាហារចំនួន ១៩គំរូ ស្មើនឹង១៧មុខ មានអនុលោមភាព សុវត្ថិភាព។
ដោយឡែក ចំពោះទំនិញជាម្ហូបអាហារចំនួន១គំរូ ស្មើនឹង១មុខគឺ បង្អែមបាញ់ឌុក ពុំមាន អនុលោមភាព សុវត្ថិភាពឡើយ ដោយបង្អែមបាញ់ឌុកនេះមានផ្ទុកនូវ សារធាតុគីមីហាម ឃាត់Borax ហើយត្រូវបានសាខាធ្វើកំណត់ហេតុដកហូតបាន ២គ.ក្រ យកទៅកំទេចចោល ។ ចំពោះអ្នកលក់ ហើយក៏ជាអ្នកផលិតផង (ផលិតមានលក្ខណៈតិចតួច) បានសារភាពថា ពិត ជាបានដាក់បន្ថែម សារធាតុគីមីហាមឃាត់នោះ ត្រូវបានសាខាណែនាំ និងឲ្យធ្វើកិច្ច សន្យា បញ្ឈប់ ជាបន្ទាន់នូវការផលិត ដោយដាក់បន្ថែមនូវសារធាតុគីមីហាមឃាត់នេះបន្តទៀត ករណីមិនរាងចាល នឹងចាត់វិធានការផ្លូវច្បាប់។
ចំពោះការពិនិត្យលើទំនិញ វេចខ្ចប់រួចគឺពុំមានទំនិញខូចគុណភាព ហួសកាលបរិច្ឆទ ប្រើប្រាស់ ដែលត្រូវបានរកឃើញឡើយ។ ក្នុងពេលចុះពិនិត្យគុណភាពទំនិញនោះ សាខាក៏បានចែកផ្សាយនូវរូបភាព Poster ឆ្លៀតអប់រំ និងផ្តាំផ្ញើដល់អាជីវករ ទាំងអស់ កុំឲ្យយកទំនិញគ្មានគុណភាព ឬ មានសារធាតុគីមីមកលក់ ព្រោះនាំឲ្យប៉ះពាល់ ដល់សុខភាពរបស់អ្នកប្រើប្រាស់។
ចំពោះប្រជាពលរដ្ឋ ដែលជាអ្នកទិញ មន្រ្តីកាំកុងត្រូល ក៏បានណែនាំពីរបៀបនៃការជ្រើសរើស ផលិតផលមានសុវត្ថិភាពមកបរិភោគ និងបានផ្តាំផ្ញើដល់អ្នកទិញគួរពិចារណា មុននឹងសម្រេចចិត្តទិញ ជាពិសេសទំនិញ ដែលខុស ប្លែកពីធម្មតា ដូចជាទំនិញដែលមានសម្រស់ស្រស់ ឆើតឆាយ មានលក្ខណៈទាក់ទាញខ្លាំង៕