(ភ្នំពេញ)៖ ចាប់តាំងការបោះឆ្នោតសកលបានបិទបញ្ចប់ ហើយលទ្ធផលបង្ហាញថា គណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈទាំងអស់ នៅក្នុងរដ្ឋសភា និងដឹកនាំរាជរដ្ឋាភិបាល ក្នុងអាណត្តិថ្មីនោះ វិទ្យុអាស៊ីសេរី បានរៀបចំការស្ទង់មតិមួយនៅលើទំព័រ Facebook រយៈពេល១សប្តាហ៍ ដើម្បីចង់ដឹងអំពីចំណាប់អារម្មណ៍របស់ប្រិយមិត្តរបស់ខ្លួន។
នៅក្នុងការរៀបចំការស្ទង់មតិតាមបណ្តាញសង្គម Facebook នេះ វិទ្យុអាស៊ីសេរីបានអនុញ្ញាតមានជម្រើស២ប៉ុណ្ណោះ ដើម្បីឱ្យប្រិយមិត្តរបស់ខ្លួនជ្រើសរើស ក្នុងនោះមានប្រអប់ទី១៖ ទទួលស្គាល់រដ្ឋាភិបាលថ្មី និងទី២៖ មិនទទួលស្គាល់។
គិតត្រឹមវេលាម៉ោង១៥៖០០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ ការស្ទង់មតិមានរយៈពេល៥ថ្ងៃហើយ (នៅសល់២ថ្ងៃទៀតបញ្ចប់) ដោយមានអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ជាង៥ម៉ឺននាក់ជាប្រិយមិត្តរបស់វិទ្យុអាស៊ីសេរី បានចូលរួមបោះឆ្នោត ហើយក្នុងចំណោមនោះ គឺមានប្រិយមិត្តប្រមាណ៨៦ភាគរយ បានទទួលស្គាល់រដ្ឋាភិបាលថ្មី ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងមានតែ១៤ភាគរយប៉ុណ្ណោះ ដែលមិនទទួលស្គាល់រដ្ឋាភិបាលថ្មី។
តាមរយៈការស្ទង់មតិ៥ថ្ងៃមកនេះ ហាក់បានបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋភាគច្រើនលើសលប់ បានគាំទ្រដល់រាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលលទ្ធផលការស្ទង់មតិរបស់វិទ្យុប្រឆាំងនេះ ក៏មិនខុសអំពីលទ្ធផលនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ដែលពលរដ្ឋប្រមាណជាង៨៣ភាគរយ ចូលរួមបោះឆ្នោត មិនស្តាប់តាមការអំពាវនាវរបស់ក្រុមប្រឆាំង ហើយក្នុងនោះក៏ពលរដ្ឋភាគច្រើនលើសលប់ផងដែរ ក៏បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសជូនសម្តេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្រ្តីតែ១គត់របស់គណបក្សប្រជាជនកម្ពុជា បន្តតំណែងនាយករដ្ឋមន្រ្តី ក្នុងអាណត្តិថ្មីផងដែរ។
ទោះជាយ៉ាងនេះក្តី មជ្ឈដ្ឋានជាច្រើនបានរិះគន់ថា ការរៀបចំការស្ទង់មតិរបស់វិទ្យុអាស៊ីសេរីនាពេលនេះ គ្រាន់តែជាការចង់ផ្ចាញ់ផ្ចាល់មកលើរាជរដ្ឋាភិបាលស្របច្បាប់ របស់កម្ពុជាតែប៉ុណ្ណោះ ហើយទោះជាគ្មានលទ្ធផលការស្ទង់មតិនេះ ក៏រាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ត្រូវបានស្វាគមន៍ និងទទួលស្គាល់រួចទៅហើយ ដោយប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស និងសហគមន៍អន្តរជាតិ ជាពិសេសបណ្តាប្រទេសសំខាន់ធំៗដូចជា ចិន រុស្ស៊ី ជប៉ុន អាល្លឺម៉ង់ កូរ៉េ អាស៊ាន បណ្តាប្រទេសជាច្រើននៅក្នុងតំបន់ និងអឺរ៉ុប៕