(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ បានដឹកនាំក្រុមការងារនាំយកម៉ូតូម៉ាក Zoomer ៣គ្រឿង ក្នុងមួយគ្រឿងតម្លៃ២០០០ដុល្លារ យកទៅប្រគល់ជូនសិស្សនិទ្ទេស A ដោយផ្ទាល់ ចំនួន៣នាក់ តបតាមការសន្យាដែលលោកបានលើកឡើងថា និងប្រគល់ម៉ូតូម្នាក់មួយគ្រឿងដល់បេក្ខជនទាំងអស់នៅខេត្តកំពង់ស្ពឺ ដែលអាចប្រឡងយកនិទ្ទេស A បាន នៅក្នុងពិធីប្រគល់នោះដែរ លោកក៏បានផ្តាំផ្ញើឱ្យបេក្ខជន ត្រូវខិតខំប្រឹងប្រែងបន្តការរៀនសូត្របន្តទៀត ដើម្បីយកចំណេះវិជ្ជា មកបម្រើជាតិ។
លោក វ៉ី សំណាង បានថ្លែងដោយក្តីសង្ឃឹមថាឆ្នាំ២០១៩ នឹងមានកម្មវិធីប្រគល់ម៉ូតូដល់សិស្សនិទ្ទេស A ជាបន្តទៀតសម្រាប់ខេត្តកំពង់ស្ពឺរបស់យើង។ លោកបន្តថា សំខាន់ជាងគេគឺស្ថិតនៅលើក្មួយៗទេ ដែលត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យពូកែ មិនតែប៉ុណ្ណោះក៏ជាមុខមាត់គ្រួសារ និងមុខមាត់ខេត្តកំពង់ស្ពឺ ដែលមានអ្នកពូកែៗច្រើន ហើយម៉ូតូរង់ចាំក្មួយៗជានិច្ច។
លោកអភិបាលខេត្តបន្តទៀតថា ឱ្យតែក្មួយៗខិតខំរៀន កុំភ័យនៅជិតខ្លួនក្មួយៗ មានហាងលក់ម៉ូតូ នៅខេត្តយើងច្រើនណាស់ រើសជូនយ៉ាងស្រស់ស្អាត និងទាន់សម័យថែមទៀត។
លោក វ៉ី សំណាង ជាមួយក្រុមការងារ បានជូនពរឱ្យសិស្សទាំងអស់ ទទួលបានជោគជ័យក្នុងការសិក្សាទាំងអស់គ្នា ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង ជាពិសេសចូលរួមកសាងប្រទេសជាតិរបស់យើង ក្រោមម្លប់នៃសន្តិភាព ដែលរកបានកម្រក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជារបស់យើង ៕