(ណាននីង, ក្វាងស៊ី)៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា រួមជាមួយលោក ហាន ចឹង (Han Zheng) ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញសម្ពោធពន្លាជាតិកម្ពុជា ដើម្បីអបអរសាទរការក្លាយជាប្រទេសកិត្តិយសលើកទី២ របស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ និងដើម្បីរម្លឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន។
គណៈប្រតិភូអមដំណើរឧត្តមមន្ត្រីកំពូលនៃប្រទេសទាំងពីរ រួមមាន៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងមន្ត្រីជាន់ខ្ពស់កម្ពុជា-ចិន និងក្រុមការងាររៀបចំពិព័រណ៍អន្តរក្រសួងជាង ៥០រូប។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន និងលោក ហាន ចឹង ឧបនាយករដ្ឋមន្ត្រីចិន បានផ្តល់កិត្តិយសទាញខ្សែបូរ ដើម្បីធ្វើជានិមិត្តរូបនៃដាក់បើកសម្ពោធជាផ្លូវការនៃពន្លាជាតិកម្ពុជា។ បន្ទាប់មកឧត្តមមន្ត្រីកំពូលនៃប្រទសទាំងពីរ រួមនឹងគណៈប្រតិភូ បានអញ្ជើញទស្សនារបាំជូនពរ សម្តែងដោយសិល្បការនីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងពិនិត្យមើលមុខទំនិញមួយចំនួនរបស់កម្ពុជា ដែលបានដាក់តាំងបង្ហាញនៅក្នុងពន្លាជាតិ។
បើតាម លោក ប៉ាន សូរស័ក្តិ ជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់ការចូលរួមពិពរណ៍អន្តរជាតិ ពន្លាជាតិរបស់កម្ពុជា បានសាងសង់លើផ្ទៃដីទំហំ ៣០៤ម៉ែត្រក្រឡា (១៦មx១៩ម) ដោយយកលំនាំប្រាសាទសម្បូរព្រៃគុក ស្ថិតនៅក្នុងខេត្តកំពង់ធំ ដើម្បីធ្វើជាទីក្រុងប្រិមប្រិយរបស់កម្ពុជា ស្របតាមប្រធានបទ «រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សទី២១ លើកិច្ចសហប្រតិបត្តិការនៃភាពច្នៃប្រឌិតថ្មី ចិន-អាស៊ាន»។
នៅខាងមុខពន្លា មានសាងសង់ខ្លោងទ្វារ និងរបងសងខាង តាមរចនាបទប្រាសាទសម្បូរព្រៃគុក និងរំលេចដោយទេសភាពជុំវិញប្រាង្គប្រាសាទទាំងមូល។ ចំណែកនៅខាងក្នុងពន្លា ក៏មានឆាកសម្តែងសិល្បៈទំហំ ២១ម៉ែត្រក្រឡា (៦មx៣,៥ម) នៅចំកណ្តាល ជាមួយរូបភាពនៃតួប្រាសាទសម្បូរព្រៃគុកនៅពីខាងក្រោយ។ រីឯផ្នែកខាងលើ ក៏មានទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា អមដោយទង់តូចៗចំនួនបីគឺ៖ ទង់បេតិកភណ្ឌពិភពលោក ទង់អង្គការយូនីស្កូ និងទង់ព្រះរាជាណាចក្រអច្ឆរិយៈ រួមជាមួយរូបភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងពិធីប្រកាសអបអរសារទរការដាក់ប្រាសាទសម្បូរព្រៃគុក ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧៕