(បាងកក-ថៃ)៖ ក្នុងបេសកកម្មទៅកាន់ប្រទេសថៃ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ បានបន្តដឹកនាំគណៈប្រតិភូទទួលជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំវិទ្យាសាស្រ្តហាឡាលរបស់ប្រទេសថៃ លោកបណ្ឌិត Winai Dahlan ប្រធានមជ្ឈមណ្ឌលវិទ្យាសាស្រ្តហាឡាលប្រទេសថៃ និងលោកបណ្ឌិត Prakon Priyakorn អគ្គលេខាធិការក្រុមប្រឹក្សាកណ្តាលឥស្លាមប្រទេសថៃ។
តាមការបញ្ជាក់របស់លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានឲ្យដឹងថា ជំនួបនេះធ្វើឡើងក្នុងគោលបំណង សិក្សាស្វែងយល់ពីវឌ្ឍនភាពហាឡាល ប្រទេសទាំង២កម្ពុជា-ថៃ ជាពិសេសការចែករំលែកបទពិសោធន៍ពីការរីកចម្រើនឧស្សាហកម្មហាឡាលថៃ ដែលបានដើរមុនកម្ពុជា ហើយក៏ជាអ្នក ដែលមានបទពិសោធន៍ជោគជ័យស្រាប់។
ក្នុងជំនួបនេះដែរ មជ្ឈមណ្ឌលវិទ្យាសាស្ត្រហាឡាល គ្រោងនឹងផ្តល់អាហាររូបករណ៍ មួយចំនួនដល់ក្រុមឯកទេសហាឡាលកម្ពុជា ដើម្បីទៅសិក្សា ពង្រឹងបច្ចេកទេសវិទ្យាសាស្រ្តហាឡាល នៅមជ្ឍមណ្ឌលនេះ ដែលមានទីតាំងនៅទីក្រុងបាងកក។
លោកទេសរដ្ឋមន្រ្តី បានជម្រាបភាគីហាឡាលថៃថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្រ្តឈ្នះៗ ជាច្រើនបន្តបន្ទាប់ ក្នុងគោលបំណងបន្តអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច ក្នុងវិស័យឧស្សាហកម្មគ្រប់ផ្នែក បូកទាំងឧស្សាហកម្មហាឡាល គឺជាគោលដៅចម្បងដែលកម្ពុជា កំពុងយកចិត្តទុកដាក់ ជំរុញឲ្យមានកំណើនវិនិយោគឧស្សាហកម្មហាឡាល ពីវិនិយោគិនបរទេស។
ក្រុមប្រឹក្សាកណ្តាលឥស្លាមប្រទេសថៃ (CICOT) ក៏បានអញ្ជើញ លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ និងថ្នាក់ដឹកនាំគណៈកម្មាធិការត្រួតពិនិត្យ ផលិតផលហាឡាលកម្ពុជា ទៅចូលរួមសន្និសីទអន្តរជាតិហាឡាលថៃ ឆ្នាំ២០១៨ លើកទី១០ នៅថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងបាងកក៕