(ណាននីង, ចិន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពីលើវេទិកាបើកពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិននៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានលើកបង្ហាញពីការធ្វើកំណែទម្រង់លើវិស័យអាទិភាព ក៏ដូចជាការដាក់ចេញនូវគោលនយោបាយជាច្រើន ដែលជាអំណោយផលខ្ពស់សម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា។
នៅចំពោះមុខថ្នាក់ដឹកនាំចិន-អាស៊ាន ក៏ដូចអ្នកវិនិយោគចិន និងអាស៊ានជាច្រើនរូប សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលដៅជាយុទ្ធសាស្ត្រសម្រាប់អាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់អាទិភាពលើការកែទម្រង់អភិបាលកិច្ចសម្តៅពង្រឹងស្ថាប័នសាធារណៈ និងកសាងរដ្ឋបាលស្អាតស្អំ ការវិនិយោគលើមូលធនមនុស្ស ការបង្កើតបរិយាកាសអំណោយផល សម្រាប់ធុរកិច្ច និងការវិនិយោគ ព្រមទាំងការពង្រឹងភាពជាដៃគូ ក្នុងការអភិវឌ្ឍន៍ជាមួយគ្រប់ដៃគូដែលមានការពាក់ព័ន្ធ។ ជាពិសេសការពង្រឹងសមត្ថភាពកម្ពុជា សម្រាប់សមាហរណកម្មនៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក ដែលទាំងអស់នេះ នឹងធ្វើឲ្យប្រជាជនគ្រប់ៗរូបមានកម្រិតជីវភាពកាន់តែប្រសើរឡើងឥតឈប់ឈរ ហើយរស់នៅយ៉ាងសុខដុមរមនានៅក្នុងសង្គមកម្ពុជាមួយ ដែលគោរពតម្លៃមនុស្ស សេរីភាព ប្រជាធិបតេយ្យ និតិរដ្ឋ និងយុត្តិធម៌សង្គម។
សម្តេចប្រមុខរាជរដ្ឋាភិបាលបានបន្ថែមថា រាជរដ្ឋាភិបាលថ្មីរបស់សម្តេចនឹងបន្តអនុវត្តន៍នូវវិធានការមុតស្រួច និងជាក់ស្តែងនានា សម្តៅពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា។ ជារួមមានកាត់បន្ថយតម្លៃឡូជីស្ទីក ជំរុញការតភ្ជាប់ផ្នែកដឹកជញ្ជូន ថាមពល ឌីជីថល កាត់បន្ថយថ្លៃអគ្គិសនី និងការធានានូវការផ្គត់ផ្គង់ បន្តធ្វើសាមញ្ញកម្ម និងស្វ័យប្រវត្តិកម្ម នីតិវិធីគយ កាត់បន្ថយការចំណាយនៃការធ្វើធុរកិច្ចទាំងផ្លូវការ និងក្រៅផ្លូវការ ជំរុញការកែទម្រង់ និងទំនើបកម្ម ប្រព័ន្ធពន្ធដោយឈរលើគោលការណ៍យុត្តិធម៌ សមធម៌ សេវាល្អ អភិបាលកិច្ចល្អ និងអនុលោមភាព និងជំរុញលើកកម្ពស់ការអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ។ ជាងនេះទៅទៀតការរៀបចំខ្លួនសេដ្ឋកិច្ចឌីជីថល នឹងឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ក៏នឹងក្លាយជាទិសដៅអាទិភាពដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីនេះផងដែរ។
បន្ថែមពីលើនោះ រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំមូលដ្ឋាន និងថ្នាល់សម្រាប់ការពង្រីកផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដោយផ្តោតជាសំខាន់ទីលើការអភិវឌ្ឍវិស័យឌីជីថល ទាំងផ្នែករឹង និងទន់ ការរៀបចំអភិវឌ្ឍន៍ធនធានមនុស្ស និងជំនាញ ស្របតាមបរិក្ខាថ្មី ព្រមទាំងបង្កើតក្របខណ្ឌគតិយុត្តិ និងបទបញ្ញត្តិគាំទ្រ ដែលមានការពាក់ព័ន្ធ។
ពីលើវេទិកានោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងផងដែរថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ កម្ពុជាបានសម្រេចកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំ ក៏ដូចជាសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រ និងវិសមភាពនៅក្នុងសង្គមគួរឲ្យកត់សម្គាល់ លើមូលដ្ឋាននេះកម្ពុជាប្រែក្លាយខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបកាលពីឆ្នាំ២០១៥កន្លងមក។ សមិទ្ធផលទាំងអស់នេះ បានជំរុញឲ្យកម្ពុជាកំណត់ចក្ខុវិស័យ និងបំណងប្រាថ្នារយៈពេលវែងរបស់ខ្លួនសំដៅឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
នៅចំពោះមុខមេដឹកនាំ និងអ្នកវិនិយោគចិន-អាស៊ាន សម្តេចនាយករដ្ឋមន្ត្រី ក៏បានរំលឹកពីជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ផងដែរ។ សម្តេចបានថ្លែងថា ដំណើរការបោះឆ្នោតដ៏ល្អប្រសើរនោះ បានបង្ហាញពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានភាពល្អប្រសើរ និងឈានទៅរកភាពចាស់ទុំ។
សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា បានពូនជ្រុំថែមទៀត នូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់ សាធារណៈ សុវត្ថិភាពសង្គម និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដែលជាការបើកឡើងកាន់តែទូលំទូលាយថែមទៀតនូវកាលានុវត្តន៍ភាពសម្រាប់ការវិនិយោគនៅកម្ពុជា៕