(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសាមិក ភីអិលស៊ី នាថ្មីៗនវ បានធ្វើការផ្លាស់ប្តូរឈ្មោះទៅជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹបហ្វាយនែន (ខេមបូឌា)វិញ បន្ទាប់ពីផ្ទេរភាគហ៊ុន១០០ភាគរយទៅឲ្យធនាគារ NongHyup នៃប្រទេសកូរ៉េខាងត្បូង។ ពិធីសម្ពោធគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹបហ្វាយនែន (ខេមបូឌា) បានធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញ ដោយមានការចូលរួមពីតំណាងភាគីពាក់ព័ន្ធជាច្រើន។

ធនាគារ NongHyup ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៦១ និងត្រូវបានទទួលស្គាល់ជាធនាគារដែលមានសុវត្ថិភាពបំផុតនៅប្រទេសកូរ៉េ និងជាស្ថាប័នហិរញ្ញវត្ថុសហប្រតិបត្តិការឈានមុខគេនៅលើពិភពលោក។ គិតត្រឹមបំណាច់ឆ្នាំ២០១៧ ធនាគារ NongHyup មានសាខាប្រតិបត្តិការសរុប ១.១៥១សាខា បុគ្គលិកចំនួន ១១១.៦៨២នាក់ ទ្រព្យសម្បត្តិសរុប ២៤៧ពាន់លានដុល្លារសហរដ្ឋអាមេរិក និងមានអតិថិជនប្រមាណជាង ៣០លាននាក់នៅទូទាំងប្រទេសកូរ៉េខាងត្បូង។ បន្ថែមលើនេះទៀត ធនាគារ NongHyup មានបណ្តាញសាខាប្រតិបត្តិការរបស់ខ្លួននៅសហរដ្ឋអាមេរិក និងប្រទេសវៀតណាម ព្រមទាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅប្រទេសមីយ៉ាន់ម៉ា និងមានការិយាល័យតំណាងរបស់ខ្លួននៅប្រទេសចិន និងឥណ្ឌា។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុនហឹប ហ្វាយនែន (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ ធនាគារ NongHyup នៃប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុនកំពុងតែដំណើរការដោះដូរស្លាកសញ្ញាថ្មី។ ដោយឡែក រចនាសម្ព័ន្ធក្រុមហ៊ុន បុគ្គលិក និងថ្នាក់គ្រប់គ្រងបច្ចុប្បន្នមិនមានការផ្លាស់ប្តូរឡើយ។ ណុងហឹប ហ្វាយនែន នឹងរក្សាទុកដដែលនូវផលិតផលកម្ចីដែលមានស្រាប់ តំបន់ប្រតិបត្តិការបច្ចុប្បន្ន អតិថិជនគោលដៅ និងផលប័ត្រកម្ចីដែលមានស្រាប់ ព្រមទាំងបន្តប្រើប្រាស់ឯកសារ និងលក្ខខណ្ឌកម្ចីដែលអតិថិជនកំពុងប្រើប្រាស់នៅពេលបច្ចុប្បន្នផងដែរ។

ពិធីសម្ពោធឲ្យដំណើរការជាផ្លូវការរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក បានប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក គិត សុវណ្ណារិទ្ធិ អគ្គនាយករងត្រួតពិនិត្យ និងជាប្រធាននាយកដ្ឋានត្រួតពិនិត្យឯកសាររបស់ធនាគារជាតិនៃកម្ពុជា និងលោក LEE Dae Houn ប្រធាននាយកប្រតិបត្តិនៃធនាគារ NongHyup ព្រមទាំងការអញ្ជើញចូលរួមពីសំណាក់ និយតករ ដៃគូពាណិជ្ជកម្ម ភាគី ពាក់ព័ន្ធ និងថ្នាក់គ្រប់គ្រងនៃធនាគារ NongHyup និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន ប្រមាណជាង១៤០រូប៕