(ភ្នំពេញ)៖ តាមការគ្រោងទុក នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ស្អែកនេះ ទណ្ឌិត សម រង្ស៊ី ដែលជាមេចលនាសង្រ្គោះជាតិ ត្រូវចូលខ្លួនមកបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ តាមដីការកោះរបស់ លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទល្មើសប្រមាថលើអង្គព្រះមហាក្សត្រ។
បើយោងតាមការកំណត់ក្នុងដីកាចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨, លោក សម រង្ស៊ី ត្រូវចូលទៅបំភ្លឺនៅតុលាការក្រុងភ្នំពេញនៅវេលាម៉ោង៩៖០០នាទីព្រឹក តាមការកំណត់ ហើយសាមីខ្លួន ត្រូវនាំយកនូវឯកសារផ្សេងៗ ដែលពាក់ពន័្ធនឹងរឿងខាងលើនេះ ទៅជាមួយផងប្រសិនបើមាន។
គួររំលឹកថា បន្ទាប់ពីចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅឱ្យចូលបំភ្លឺនេះ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចក៏បានយកដីកានេះ ទៅបិទនៅទីស្នាក់ការកណ្តាលរបស់ អតីតគណបក្សសង្រ្គោះជាតិផងដែរ។
ដើមចមនៃបណ្តឹងនេះ បានកើតឡើង កាលពីខែមិថុនា ឆ្នាំ២០១៨ ដោយទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់គេចទៅក្រៅប្រទេស បានប្រមាថថា ព្រះរាជសារព្រះមហាក្សត្រជាទីសក្ការៈ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ដែលអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត នាចុងខែកក្កដានោះ គឺជាព្រះរាជសារក្លែងក្លាយ និងគ្មានតម្លៃ ទោះបីជាព្រះបរមរាជវាំងចេញមុខប្រកាសថា ព្រះរាជសារនោះជាព្រះរាជសារ ពិតប្រាកដ មិនក្លែងក្លាយក៏ដោយ។
ការប្រមាថរបស់ លោក សម រង្ស៊ី បែបនេះ បានធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីបណ្តាគណបក្សនយោបាយ និងប្រជាពលរដ្ឋកម្ពុជា។
បើតាមច្បាប់ថ្មី មាត្រា ៤៣៧ ស្ទួន ជំពូកទី១ នៃមាតិកាទី១នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌ បានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»។
ពាក់ព័ន្ធនឹងករណីនេះ នាពេលកន្លងទៅតំណាងអយ្យការធ្លាប់កោះហៅ លោក សម រង្ស៊ី ចូលបំភ្លឺជាច្រើនដងមកហើយ ប៉ុន្តែទណ្ឌិតរូបនេះ ពុំបានចូលបំភ្លឺតាមការកោះហៅនោះទេ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី តុលាការនៅតែបន្តនីតិវិធីរបស់ខ្លួនជាបន្តបន្ទាប់ទៀត៕