រដ្ឋមន្ដ្រីក្រសួងអប់រំ បើកកិច្ចប្រជុំគណៈកម្មការកោសល្យវិច័យ ដើម្បីពិនិត្យដោះស្រាយ ចំពោះការមិនពេញចិត្ត នឹងលទ្ធផលបាក់ឌុប ឆ្នាំ២០១៨ ក្រោយមានការតវ៉ា
12-09-2018 12:35
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការកោសល្យវិច័យ ដើម្បីពិនិត្យដោះស្រាយ ចំពោះការមិនពេញចិត្ត នឹងលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ២០ សីហា ២០១៨ ក្រោយមានការតវ៉ាពីបេក្ខជន។
Facebook ផ្លូវការរបស់ក្រសួងអប់រំបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ រៀបចំធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យដោះស្រាយចំពោះការមិនពេញចិត្ត នឹងលទ្ធផលប្រឡងបាក់ឌុប ឆ្នាំ២០១៨ សម័យប្រឡង៖ ២០ សីហា ២០១៨ ជូនបេក្ខជន មាតាបិតា អាណាព្យាបាល ឬអ្នកពាក់ព័ន្ធ ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបានថា ការប្រឡងដំណើរការ ទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន។
គណៈកម្មការកោសល្យវិច័យ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា សម្រេចរៀបចំ នៅថ្ងៃទី១២ ខែកញ្ញានេះ។ គណៈកម្មការកោសល្យវិច័យ នឹងចាប់ដំណើរការ ការងារចាប់ពីថ្ងៃនេះ ក្នុងរយៈពេល១សប្តាហ៍។
សូមជម្រាបថា ការតវ៉ានេះធ្វើឡើងបន្ទាប់ពីបេក្ខជនមួយចំនួន ពិសេសបេក្ខជនឈ្មោះ ឆាយ លីអាន រៀននៅវិទ្យាល័យហ៊ុនសែនឈូក ដែលធ្លាប់ជាសិស្សពូកែគណិតវិទ្យា ទទួលបានមេដាយ និងពានរង្វាន់គណិតវិទ្យា នៅក្រៅប្រទេសរាប់ភ្លេច តែបែរជាលទ្ធផលប្រឡងមុខវិជ្ជាគណិតវិទ្យា ទៅវិញ៕