(ភ្នំពេញ)៖ បណ្តារប្រទេសជាច្រើន ក្នុងលោករាប់ទាំងមហាប្រទេសប្រជាធិបតេយ្យធំៗផងបានចេញមុខអបអរសាទរជាបន្តបន្ទាបដល់នាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខនៃរាជរដ្ឋាភិបាលថ្មី អាណត្តិទី៦។
ជាក់ស្តែងបន្ទាប់ពីឥណ្ឌា និងអាល្លឺម៉ង់ ដល់វេន ជប៉ុន កូរ៉េខាងត្បូង ដែលបានផ្ញើសារអបអរសាទរដល់នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានបន្តទទួលតំណែងជានាយករដ្ឋមន្ត្រីថ្មីអាណត្តិទី៦។ គិត មកដល់ពេលនេះ មានប្រទេសជាច្រើនដូចជាមហាយក្សចិន រុស្ស៊ី អ៊ុយក្រែន និងបណ្តាប្រទេសអាស៊ាន រួមទាំងប្រទេសជាមិត្តជាច្រើនទៀតសុទ្ធតែបាន ផ្ញើសារអបអរសាទរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
នេះសបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មីអាណត្តិទី៦ ដែលកើតចេញពីការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានទទួលការស្វាគមន៍ពីសហគមន៍អន្តរជាតិ យ៉ាងទូលំទូលាយផ្ទុយស្រឡះពីការឃោសនា និងការរំពឹងទុករបស់ក្រុមប្រឆាំងជ្រុលនិយម ដែលបានខិតខំធ្វើសកម្មភាព បំផ្លាញការបោះឆ្នោត និងចង់ឲ្យរាជរដ្ឋាភិបាលថ្មីកើតចេញពីការបោះឆ្នោតដែលគ្មានគណបក្សរបស់ខ្លួនចូលរួមត្រូវបានសហគមន៍អន្តរជាតិផាត់ចោល។
មានមូលហេតុច្រើនយ៉ាងដែលសហគមន៍អន្តរជាតិស្វាគមន៍ រាជរដ្ឋាភិបាលថ្មីអាណត្តិទី៦៖
មូលហេតុទី១៖ ការបោះឆ្នោតនេះបានឆ្លុះបញ្ចាំងអំពីឆន្ទៈ និងជម្រើសរបស់ប្រជាពលរដ្ឋខ្មែរជាង ៨៣% ដែលបានចេញទៅបោះឆ្នោតដែលជាចំនួនច្រើនលើសលប់ ទោះបីជាក្រុមប្រឆាំងបានធ្វើយុទ្ធនាការ ម្រាមដៃស្អាតមិនឲ្យពលរដ្ឋចេញទៅបោះឆ្នោតក៏ដោយ។ ហើយអ្នកបោះឆ្នោតភាគច្រើនលើសលប់បានបោះជូនគណបក្សប្រជាជនកម្ពុជា រហូតដល់ជាង ៧៧% ដែលធ្វើឲ្យបក្សកាន់អំណាចដណ្តើមបានកៅអីទាំងអស់នៅក្នុងរដ្ឋសភា។
មូលហេតុទី២៖ ការបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា បាន ប្រព្រឹត្តទៅក្នុងបរិយាកាសយ៉ាងល្អប្រកបដោយសុខសន្តិភាព និងគ្មានអំពើហិង្សាកើតឡើងឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ការបោះឆ្នោតនេះអាចចាត់ទុកថាជាលើកដំបូងហើយ ស្ថានភាពមានលក្ខណៈល្អប្រសើរក្នុងគ្រប់ដំណាក់កាលទាំងមុន ទាំងអំឡុងពេល និងទាំងក្រោយការបោះឆ្នោត។ ពលរដ្ឋខ្មែរសម្តែងការ សប្បាយរីករាយដោយគ្មានអ្នកណាតវ៉ាអ្វីឡើយ តែផ្ទុយទៅវិញ ពួកគេមានអំណរ យ៉ាងខ្លាំងដោយឃើញការបោះឆ្នោតដែលល្អបែបនេះ។
មូលហេតុទី៣៖ ភ្លាមៗក្រោយការបោះឆ្នោតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសគោលនយោបាយបម្រើប្រជាជនឲ្យកាន់តែល្អប្រសើរជាងមុខ ឲ្យមន្ត្រីរាជរដ្ឋាភិបាលខិតខំធ្វើការបម្រើពលរដ្ឋទ្វេដងដើម្បីឲ្យពលរដ្ឋទទួលផលប្រយោជន៍ជាក់ស្តែងបានច្រើនជាងមុន។ នេះជាសារដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋ។
មូលហេតុទី៤៖ ភ្លាមៗក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មីជាផ្លូវការ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញកាយវិការក្នុងនាមអ្នកដឹកនាំប្រកបដោយព្រហ្មវិហារធម៌ ចំពោះអ្នកប្រព្រឹត្តខុសហើយ ទទួលស្គាល់កំហុស ដោយបានទូលស្នើព្រះមហាក្សត្រឲ្យលើកលែងទោសដល់ទណ្ឌិតដែលជាអតីតមន្ត្រីបក្សប្រឆាំងមួយចំនួនឲ្យចេញពីពន្ធនាគារ បន្ទាប់ពីពួកគេបានសារភាពទទួលកំហុស ហើយសុំអន្តរាគមន៍ពីនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ប្រមុខដឹកនាំប្រទេសក៏បានប្រកាសផែនការលើកលែងទោសទ្រង់ទ្រាយធំ នៅក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌខាងមុខនេះផងដែរ។
មូលហេតុទី៥៖ ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់តាមគំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីអនុញ្ញាតឲ្យគណបក្សដែលមិនជាប់ឆ្នោតមានសំឡេងរួមចំណែក ក្នុងគោលនយោបាយដឹកនាំប្រទេសក៏ជាសញ្ញាវិជ្ជមានថ្មីមួយទៀត សម្រាប់ដំណើរការ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
តើមានប្រទេសប្រជាធិបតេយ្យថ្មីថ្មោងណាដែលអាចរៀបចំការបោះឆ្នោតបានល្អបែបនេះ? ក្នុងន័យនេះសហគមន៍អន្តរជាតិគ្មានជម្រើសអ្វីក្រៅតែពីបន្តកិច្ចសហការណ៍ល្អ ជាមួយរាជរដ្ឋាភិបាលថ្មីដែលកើត ចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរនោះឡើយ។ ទាំងប្រជាពលរដ្ឋខ្មែរ ទាំងសហគមន៍អន្តរជាតិសុទ្ធតែបានកត់សម្គាល់ដោយមោទនៈភាពថា ប្រទេសកម្ពុជាកំពុងបោះជំហានទៅមុខ យ៉ាងល្អក្នុងសុខសន្តិភាព ពោលគឺ កម្ពុជាត្រូវការស្ថានការណ៍បែបនេះ គឺមិនត្រូវការភាពវឹកវរ ចលាចលនៅក្រោយការបោះឆ្នោតឡើយ។ សុខ សន្តិភាព និងស្ថិរភាពសង្គម គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍ប្រទេស ក៏ដូចជាការអភិវឌ្ឍន៍ជីវភាពគ្រួសារ ហើយក៏ជាកត្តាអំណោយផលយ៉ាងល្អសម្រាប់ទំនាក់ទំនង អន្តរជាតិផងដែរ។
ការអបអរសាទរយ៉ាងកងរំពងពីសហគមន៍អន្តរជាតិគឺជាសញ្ញាប្រាប់ថា កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយ ទណ្ឌិត សម រង្ស៊ី ដើម្បីបំផ្លាញការបោះឆ្នោត បំផ្លាញរាជរដ្ឋាភិបាលថ្មី តាមបំណងទុច្ចរិតរបស់ខ្លួននោះ ទទួលបរាជ័យយ៉ាងអាម៉ាស់ជាថ្មីម្តងទៀត។ សហគមន៍អន្តរជាតិ បន្តសិ្ថតនៅជាមួយប្រជាជនកម្ពុជា និងជាមួយរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យពិតៗ គឺមិនមែនស្ថិតនៅជាមួយក្រុមឧទ្ទាមក្រៅច្បាប់ដែលដើរធ្វើសកម្មភាពប្រឆាំង ប្រយោជន៍ជាតិនិងប្រជាជនខ្លួនឯងនោះឡើយ៕
ដោយ៖ អ្នកតាមដាននយោបាយកម្ពុជា!