(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានប្រកាសថា ចំពោះគណបក្សណាដែលចង់ផ្លាស់ប្ដូរប្រធាន ត្រូវតែធ្វើសមាជ ឬមហាសន្និបាត ដើម្បីស្របទៅច្បាប់ដែលបានកំណត់ មិនមែនផ្ញើត្រឹមលិខិតមកក្រសួងមហាផ្ទៃតែមួយមុខនោះទេ។
ក្នុងពិធីប្រកាសចូលកាន់តំណែងមន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងនាយនគរបាលជាន់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា ប្រសិនបើគណបក្សមួយមិនបានធ្វើសមាជ ឬមហាសន្និបាត ដើម្បីបោះឆ្នោតផ្លាស់ប្ដូរប្រធានគណបក្សថ្មីនោះទេ គេមិនមែនហៅថាផ្លាស់ប្ដូរស្របតាមផ្លូវច្បាប់ឡើយ ពោលគេហៅថា ការធ្វើបក្សប្រហារ។
ការថ្លែងរបស់សម្ដេចក្រឡាហោម ស ខេង បើទោះបីស្ថិតក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនោះ ក៏គេអាចសន្និដ្ឋានបានថា ខ្លឹមសាររបស់សម្ដេច ចង់សំដៅទៅលើគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ដែលបានស្នើតែងតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទី ហើយត្រូវបានក្រសួងមហាផ្ទៃ មិនទទួលស្គាល់ឡើយ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ឧបមាថា កាលណាចង់ដូរប្រធានបក្ស ត្រូវតែមានសមាជ ឬមហាសន្និបាត ហើយមហាសន្និបាតធ្វើរបៀបមិច អ្នកណាកោះហៅ ឬបោះឆ្នោតលើកដៃ ឬបោះឆ្នោតជាសំងាត់។ ប៉ុន្ដែដល់ពេលគាត់ធ្វើ គាត់មិនធ្វើចឹង គាត់ចេញក្រដាសមួយ ដូរប្រធានបក្ស។ នេះគេហៅថាធ្វើបក្សប្រហារហើយ [...] ដែលថ្មីៗនេះមានគណបក្សមួយធ្វើចឹង រហូតមានអ្នកមិនសុខចិត្តស្រែកមកក្រសួងមហាផ្ទៃ ឲ្យជួយមើល»។
សូមជម្រាបថា ក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ បានផ្ញើលិខិតទៅសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ដោយមិនទទួលស្គាល់បុត្រាច្បងសម្តេចក្រុមព្រះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ប្រធានស្តីទីគណបក្សហ្វ៊ុនស៊ិនប៉ិចនោះទេ ហើយស្នើអនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខន្តិកៈ។
សម្តេចក្រុមព្រះនរោត្តម រណរទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលកំពុងសម្រាកព្យាបាលសុខភាព នៅក្រៅប្រទេស កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ បានសេចក្តីសម្រេចមួយ តែងតាំងបុត្ររបស់ព្រះអង្គ១រូប គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទីរបស់គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង នៅក្នុងពិធីនាព្រឹកមិញនេះ ក៏បានណែនាំឲ្យថ្នាក់ដឹកនាំក្រសួង ត្រូវពង្រឹងការងារគ្រប់គ្រងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងពង្រឹងការតាមដានការអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ជាធរមាន និងលក្ខន្តិកៈ។
សម្ដេច ស ខេង បានពន្យល់ពីពាក្យគ្រប់គ្រងនេះថា មិនដូចការគ្រប់គ្រងអង្គភាពណាមួយនោះទេ ពោលក្រសួងមហាផ្ទៃ គ្រាន់តែទទួលការពិនិត្យតាមសំណើរ របស់គ្រប់បណ្ដាគណបក្សនយោបាយ ដើម្បីឲ្យស្របតាមរដ្ឋធម្មនុញ្ញ, ច្បាប់ស្ដីពីគណបក្សនយោបាយ, ច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាល និងស្របតាមច្បាប់បទដ្ឋានដទៃផ្សេងទៀត ដែលកំពុងតែមានជាធរមាន នៅក្នុងប្រទេសកម្ពុជា៕