(ភ្នំពេញ)៖ លោក ឡេះ តើត ជនជាតិខ្មែរឥស្លាម ជាកីឡាករគុនខ្មែរ ដែលកំពុងធ្លាក់ខ្លួនឈឺ និងលោក មុន្នី សមាជិកាក្រុមប្រឹក្សាសង្កាត់ទួលសង្កែទី២ រួមជាមួយលោកស្រី ហ៊ឹម ខាំវ៉ុន សមាជិកាបណ្តាញសមាគមនារីសង្កាត់ស្វាយប៉ាក ដែលមានជម្ងឺលើសឈាម ជីវភាពខ្វះខាត រស់នៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃចន្ទ-អង្គារិ៍ ២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ ២០១៨ម្សិលមិញ បានទទួលអំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកាសង្គ្រោះបន្ទាន់មួយ ដើម្បីដោះស្រាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពីលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ និងបណ្តាញសមាគមនារីសង្កាត់-ចៅស្កាត់ តំណាងឲ្យលោក ជាពិសី អភិបាលខណ្ឌ និងជាក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សហការជាមួយអង្គការខេមរា កំណត់គ្រួសារគោលដៅ «គម្រោងហ្គេ្រស»។
ថ្លែងនាឱកាសសួសុខទុក្ខនោះ លោកស្រី អាន ផល្លា បានផ្ដាំផ្ញើទៅកាន់ក្រុមគ្រួសារលោក ឡេះ តើត កីឡាករគុនខ្មែរ និងលោក មុន្នី សមាជិកាក្រុមប្រឹក្សាសង្កាត់ទួលសង្កែទី២ រួមជាមួយលោកស្រី ហ៊ឹម ខាំវ៉ុន សមាជិកាបណ្តាញសមាគមនារីសង្កាត់ស្វាយប៉ាក ដែលមានជម្ងឺលើសឈាមថា សូមឲ្យជួយសហការ និងរាយការណ៍ផង ពីស្ថានភាពជាក់ស្ដែង ពិតប្រាកដរបស់ជនទីទាល់ក្រ គ្មានទីពឹង គឺជនងាយរងគ្រោះ ដើម្បីមានវិធានការពាំនាំយកទៅជម្រាបជូន លោក ជា ពិសី ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងជាអភិបាលខណ្ឌឬស្សីកែវ ក្នុងការរិះរកដំណោះស្រាយជូនឲ្យ ទាន់សភាពការ ស្របទៅតាមអនុសាសន៍ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ និងអត់បាយឡើយ។
លើសពីនេះទៀត លោកស្រីប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឬស្សីកែវ បានលើកឡើងអំពីការងាររបស់ស្ត្រីបច្ចុប្បន្នក្នុងវិស័យនយោបាយ និងកិច្ចការងារភូមិ-ឃុំ-ស្រុក-ខេត្ដ គឺបាន ដើរតួនាទីដ៏សំខាន់ ព្រោះនារីបានបំពេញ និងបញ្ជ្រាប ទៅដល់ស្ដ្រី បង្កើនសមត្ថភាព ដែលកំពុងបម្រើការងារ ក្នុងវិស័យសហគមន៍ ភូមិ-ឃុំ ពិសេសនៅមូលដ្ឋាន ដោយភ្ជាប់នូវខ្លឹមសារ គ្រោះថ្នាក់អំពីការរំលោភបំពានផ្លូវភេទ អំពើហិង្សាលើស្ត្រី ការជួញដូរផ្លូវភេទ ការបោកបញ្ឆោត ការរើសអើងនៃភាពក្រីក្រ គឺដោយសារមូលហេតុមួយចំនួន ដូចជាកង្វះការយល់ដឹង ពីតម្លៃរបស់ស្ត្រី ព្រោះថាស្ដ្រី ជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៃតម្លៃរបស់ស្ត្រីខ្មែរក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិ ដែលតម្រូវឲ្យយើងរួមគ្នាប្រឹងប្រែងចាត់វិធានការរកដំណោះស្រាយ ឲ្យបានទាន់ពេលវេលា តាមគ្រប់រូបភាព។
លោកស្រីបានបន្ដថា បញ្ហាខាងលើទាំងអស់នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី បាននិងកំពុង ដាក់ចេញនូវវិធានការជាក់លាក់មួយចំនួន ដើម្បីលើកកម្ពស់ សមភាពយេនឌ័រ ដូចជាការតែងតាំងស្ដ្រី ជាអភិបាលរង រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ការតែងតាំងឲ្យមានស្ដ្រី ជាថ្នាក់ដឹកនាំក្នុងថ្នាក់ភូមិ ឃុំ ស្រុក គ្រប់កម្រិត ការតែងតាំង និងបង្កើនឲ្យមានស្ដ្រី ជាថ្នាក់ដឹកនាំ ក្នុងសេចក្ដីសម្រេច នៅតាមស្ថាប័ន និងអង្គភាពនានា៕