(ភ្នំពេញ)៖ ថវិកាជិត៤០លានរៀល ដែលបានមកពីមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ត្រូវបានប្រគល់ជូនក្រុមគ្រួសារអាវុធហត្ថ ដែលទើបតែទទួលមរណភាព។
ពិធីនេះត្រូវបានធ្វើឡើងនាល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត នាយរងខុទ្ទកាល័យ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកសម្របសម្រួលមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ ដែលជាតំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី បានធ្វើការពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងចូលរួមរំលែកទុក្ខរបស់នាយឧត្តមសេនីយ៍ សៅ សុខា ទៅដល់ក្រុមគ្រួសារសព និងបានផ្តាំផ្ញើអោយក្រុមគ្រួសារសព ធ្វើយ៉ាងណា ត្រូវខិតខំបន្តមើលថែក្រុមគ្រួសារទាំងមូលឲ្យបានកាន់តែប្រសើរឡើង បន្ទាប់ពីការបាត់បង់លោកអនុសេនីយ៍ឯក ហង្ស ដារ៉ា ដែលជាប្តីដ៏ល្អ ឪពុកដ៏ល្អយ៉ាងណាក៏ដោយ។
លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី បានបន្តទៀតថា អង្គភាពកងរាជអាវុធហត្ថ មានការសោកស្តាយយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់លោកអនុសេនីយ៍ឯក ហង្ស ដារ៉ា ពីជួរអង្គភាព កងរាជអាវុធហត្ថ។
ធ្លៀតក្នុងឱកាសនោះផងដែរ លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត ក៏បានឲ្យដឹងដែរថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់នាយឧត្តមសេនីយ៍ សៅ សុខា កងរាជអាវុធហត្ថ បានបង្កើតមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថនេះឡើង ក្នុងគោលបំណងជួយសម្រួលទៅដល់ជីវភាព ក្រុមគ្រួសារអាវុធហត្ថពលីមរណៈ ដែលបានបាត់បង់សមាជិកជាទីស្រលាញ់ ដែលជាបង្គោលគ្រួសារ និងមានសមាជិកនៅក្នុងបន្ទុកជាច្រើននាក់។
លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានបន្តឲ្យដឹងទៀតថា ជានិច្ចជាកាលនាយឧត្តមសេនីយ៍ សៅ សុខា តែងតែដាស់តឿន និងក្រើនរំលឹកទៅដល់មេបញ្ជាការ តាមបណ្តាអង្គភាពចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវធ្វើយ៉ាងណា យកចិត្តទុកដាក់ទៅលើការរស់នៅជីវភាព សុខមាលភាពរបស់បងប្អូនដែលនៅក្រោមឱវាតទាំងអស់ ជាពិសេស នូវពេលដែលបងប្អូនកំពុងជួបនូវទុក្ខលំបាក ដូចជាពេលនេះជាដើម៕